ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន៖ ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាក់ជាសំណួរថា  ហេតុអីបានជាគេនិយាយរាប់ឆ្នាំ​ ពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិន បានប្រសើរ ?

ជុំវិញសំណួរនេះ នៅលើគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានបកស្រាយ យ៉ាងដូច្នេះថា «៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត “រាប់ក្បាលគិតលុយ” ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែត ដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព “ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់”» ។

លោក ខៀវ កាញារីទ្ធ បន្តថា «នៅវិជ្ជាជីវៈផ្សេងៗពេលមានកំហុសគេតែងមានវិន័យ លើកលែងតែនៅក្នុងវិស័យសារព័ត៌មាន គេមិនដែលឃើញមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសមាគមអ្នកកាសែតដល់ទៅជាង ៥០ ទៅហើយ !

លោកថា នេះជាគំនិតត្រួសៗគ្រាន់ពិចារណាទាំងអស់គ្នា ដើម្បីស្ថានភាពសង្គម ( Social Status ) របស់អ្នកកាសែតពិតប្រាកដ ត្រូវបានការទទួលស្គាល់និងគោរព ៕

To Top