ភ្នំពេញ៖ គោលនយោបាយដោះស្រាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យវិវាទដែលធ្លាប់តែហែកហួរគ្នា រវាងលោក កង សារ៉ន ដែលជាឪពុករបស់យុវតីគរថ្លង់ សេង ចន្ថា និង លោកជា ថន ហៅ ម៉ៅ ត្រូវបានបញ្ចប់ទាំងស្រុងនៅល្ងាចថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដោះស្រាយដ៏ឈ្លាសវៃរបស់លោក ដួង តារា បានធ្វើឲ្យភាគីទាំងពីរព្រមទទួលយកនិងបង្ហាញ ភាពស្មោះត្រង់ ក្នុងរឿងទិញ-លក់ដី ទំហំ ២៦មx៦០០ម នៅឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
វិវាទនេះគឺផ្ដើមចេញពីលោក កង សារ៉ន មិនមានភាពជឿជាក់ទុកចិត្តលើលោក ជា ថន ហៅម៉ៅ ដោយគិតថាលោក ជា ថន យកដីរបស់ខ្លួនទៅលក់ឲ្យអ្នកផ្សេងបានតម្លៃខ្ពស់ មិនព្រមឲ្យលុយមកខ្លួន។ តែដើម្បីបង្ហាញភាពស្មោះត្រង់ លោក ជា ថន ហៅម៉ៅ បានសុខចិត្តប្រគល់ដីទៅឲ្យលោក កង សារ៉ន វិញ សុខចិត្តទទួលលុយ ដែលខ្លួនបានប្រគល់ឲ្យទៅឈ្មោះ កង សារ៉ន ចំនួន២ម៉ឺនដុល្លារ ដែលនេះគឺជាការបង្ហាញពីភាពស្មោះត្រង់ ដែលខ្លួនពិតជា មិនបានលក់ដីរបស់លោក កង សារ៉ន មានតម្លៃខ្ពស់នោះទេ។
ក្រោយពីបានជួបគ្នាស្តាប់តាមការដោះស្រាយរបស់លោក ដួង តារា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផ្ដិតមេដៃចំពោះមុខឯកឧត្ដមដើម្បីបញ្ចប់វិវាទនេះ។
ចំណែកឯយុវតីគរថ្លង់ដែលត្រូវជាកូនរបស់លោកកង សារ៉ន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៊ីធន កម្ពុជាចិន ឯកឧត្ដម ដួង តារា រ៉ាប់រងការចំណាយដើម្បីព្យាបាលក្មេងស្រីរងគ្រោះ ឲ្យបានជាសះស្បើយ។
ក្នុងនោះផងដែរលោក កង សារ៉ន ក៏បានសម្ដែងការអរគុណ និង ដឹងគុណបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំជួយសង្គ្រោះអាយុជីវិតកូនស្រីរបស់គាត់ បើសិនជាមិនមានសម្ដេចទាំងទ្វេ រួមទាំងឯកឧត្តមទេ កូនស្រីរបស់គាត់ ពិតជាមានបញ្ហាដល់អាយុជីវិត ជាក់ជាមិនខានឡើយ។
ក្នុងនោះផងដែរ លោក ដួង តារា លោកបាន ផ្ដាំផ្ញើ ទៅប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវចេះគោរពស្រឡាញ់គ្នា ពេលដែលមានបញ្ហាវិវាទ ត្រូវចេះរកវិធីសាស្ត្រ ដ៏សមរម្យ ក្នុងការដោះស្រាយដើម្បីបញ្ចប់វិវាទ និងត្រូវចេះចែករំលែកក្ដីស្រឡាញ់ ទៅគ្នាទៅវិញទៅមក និងចូលរួមសាងអំពើល្អទាំង អស់គ្នា៕