ព័ត៌មានជាតិ

លោក ដួង តារា ជួបសំណេះសំណាល ជាមួយសមាជិកសកម្មជន និងបងប្អូនអ្នកគាំទ្រអតីតគណបក្សប្រឆាំង ពីមុនចំនួន៩ នាក់ ក្នុងក្រុងសៀមរាប

ភ្នំពេញ៖លោក ដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ាន ឃុន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សខេត្ត ប្រធានគណៈជំនាញនៃគណបក្ស ប្រជាជនកម្ពុជា ខេត្តដែលមាន លោក គុជ លីណា លោក តោ គឹមសៀន លោក សោម សារ៉ូ និងលោក ស៊ិន រុន បានចុះជួបសំណេះសំណាលជាមួយអតីតសមាសភាពសមាជិក អតីតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ និងយុវជនសកម្មជន នៃគណបក្សសង្គ្រោះជាតិដែលស្នើសុំចូលរួមជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះ
១. លោក សៅ យូអេង អតីតសមាជិកក្រុមប្រឹក្សាខេត្ត
២. លោក រិន សារួន អតីតភ្នាក់ងារគណបក្ស
៣. លោក រស់ សំណាង អតីតសមាជិកក្រុមប្រឹក្សាសង្កាត់គោកចក
៤. លោក ទេព ចិន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់គោកចក
៥ុ. លោក ឈាង ភ័ក្រ អតីតយុវជន
៦. លោក រឿង ប៊ុនថន អតីតសកម្មជននិងជាអ្នកសង្កេតការណ៍
៧. អ្នកស្រី ផល ឧស្សាហ៍ អតីតសកម្មជន
៨. អ្នកស្រី ដួង ស្រីមុំ អតីតអនុប្រធានយុវជន
៩.អ្នកស្រី វ៉ៃ តុលា អតីតយុវជន

ឆ្លៀតក្នុងឱកាសដ៏សែនវិសេសវិសាលមួយនេះលោក ដួង តារា បានមានប្រសាសន៍សំណេះ សំណាលផងដែរថាឯកឧត្តមពិតសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលឃើញបងប្អូនដែលជាអតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ភ្ញាក់ខ្លួនចូលមករួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា។ លោកពិតជាមានមោទនភាពដែលមានឱកាសបម្រើការងារជាជំនួយ ការផ្ទាល់របស់សម្ដេចតេជោ និងកាន់តែរីករាយទៀតនោះ នៅពេលដែលឃើញប្រទេសកម្ពុជាមានការរីកចម្រើន ហើយស្មារតីរបស់គណបក្សប្រជាជនកម្ពុជាចង់ឃើញប្រជាជនមានការរួបរួម រួមរស់ សាមគ្គី រឹងមាំជាមួយគ្នា ក្រោមការដឹកនាំដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ក៏មានមតិសំណេះសំណាលផងដែរថា លោក ពិតជាសប្បាយចិត្ត និងទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាននៃការចូលរួមរបស់អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក្នុងការចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជានិងសង្ឃឹមថា បងប្អូននឹងខិតខំរួបរួមទាំងអស់គ្នា ដើម្បីសន្តិភាព ការរីកចំរើន និងអភិវឌ្ឍន៍។

គណបក្សប្រជាជនកម្ពុជាស្វាគមន៍ យ៉ាងកក់ក្តៅចំពោះអតីតសមាជិក របស់គណបក្សសង្គ្រោះជាតិនិងគណបក្សទាំងអស់ដែលបានភ្ញាក់រលឹកមករួម រស់ជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងសូមអរគុណបងប្អូនដែលបាន សម្រេចចិត្តត្រឹមត្រូវវិលត្រឡប់មករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីបានសុខសប្បាយ និងរីកចម្រើនទៅមុខទាំងអស់គ្នាក្រោមម្លប់ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាចាត់ទុកប្រជាពលរដ្ឋទាំងអស់ជាស្នូលនៃការអភិវឌ្ឍ ដែល ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។

នៅក្នុងឱកាសនោះផងដែរ សមាជិកសកម្មជននិងបងប្អូនអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិពីមុនទាំងអស់ក៏បានធ្វើការពាក់អាវនិងមួករបស់គណៈបក្សប្រជាជនកម្ពុជា ព្រមទាំងថតរូបអនុស្សាវរីយ៍ ដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្ត និងស្ម័គ្រចិត្តក្នុងការមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍៕

To Top