កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម និងពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនិងការរៀបចំសាងសង់បន្ទប់ទឹកសាធារណៈបែបស្តង់ដា គឺដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរនានា មកលេងកម្សាន្ត បានទទួលសេវាប្រកបដោយផាសុខភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕