ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចជំនាញរបស់រាជធានីភ្នំពេញ បាននិងកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកឃាតករកាប់សម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (CNRP)។
តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លើសំណួរអំពីករណីឃាតកម្មលោក ស៊ិន ខុន នេះ លោកវរសេនីយ៍ឯក សាន សុខសីហាបានថ្លែងយ៉ាងខ្លីថា “សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ”។
ចំពោះសំណួរថា តើករណីឃាតកម្មនេះ ជាទំនាស់រវាងបុគ្គលនិងបុគ្គល? លោកមិនបានបកស្រាយអ្វីច្រើននោះទេ ត្រឹមតែថា “កំពុងស្រាវជ្រាវ”។
សូមបញ្ជាក់ថា លោក ស៊ិន ខុន ត្រូវបានគេដឹងថា ជាអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ហើយលោកក៏ជានិស្សិតច្បាប់ថ្នាក់បណ្ឌិតនោះ ត្រូវបានជនអានាមឹកមួយក្រុមវ៉ៃសម្លាប់យ៉ាងអាណោចអាធ័ម កាលពីរំលងអាធ្រាតម៉ោង១និង៣០នាទី ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូកនៅម្ដុំវត្តចាស់ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ស៊ិន ខុន មានស្រុកកំណើតនៅខេត្តតាកែវ ជាកូនកសិករក្រីក្រ ហើយក្រោយបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបនៅវិទ្យាល័យ ក្នុងខេត្តតាកែវ បានមកបន្ដការសិក្សនៅរាជធានីភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ន។ ស៊ិន ខុន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ក្នុងឆ្នាំ២០១៤ , បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ (អនុបណ្ឌិតច្បាប់) ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ន សិន ខុន កំពុងសិក្សាបន្ដថ្នាក់បណ្ឌិតវិទ្យាសាស្ដ្រនយោបាយ នៅសកលវិទ្យល័យមួយក្នុងរាជធានីភ្នំពេញ ៕