ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។
ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ជាមួយការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ, កម្ពុជាអបអរសាទរ ចំពោះចិនដែលបានស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយកំណើនប្រមាណ ៩,៨% ក្នុងរយៈពេលត្រឹមតែ ៩ ខែដំបូង ក្នុងឆ្នាំ២០២១។
សម្ដេចតេជោបន្ដថា កម្ពុជា អរគុណ និងវាយតម្លៃខ្ពស់ចំពោះចិនដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើន សង្គម-សេដ្ឋកិច្ចឡើងវិញនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។
សម្ដេចតេជោបញ្ជាក់ថា «កម្ពុជាសូមលើកទឹកចិត្តឲ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងពេលចំពោះមុខ កម្ពុជាសូមលើកទឹកចិត្តឲ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ»។
សម្ដេចតេជោបន្ថែមថា ជាទិសដៅអនាគត កម្ពុជាលើកទឹកចិត្តឲ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពរំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន ។ ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គួរត្រូវបានជំរុញ និងយកចត្តិទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចសម្រាប់ រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត អាស៊ាន-ចិន ឆ្នាំ២០៣០។
លើសពីនេះទៀត សម្ដេចតេជោ ក៏បានលើកឡើងទៀតថា កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ។ កម្ពុជាក៏ស្វាគមន៍ផងដែរនូវគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលរបស់លោកប្រធានាធិបតី ស៊ី ជីនពីងដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕