ភ្នំពេញ ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា ចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នៅរោងភាពយន្ត Major Cineplex សាខា AEON1 ដើម្បីអបអរសាទរកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាអន្តររដ្ឋាភិបាល ដែលបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ ក្នុងនោះមាន៣០ប្រទេស ក្នុងទ្វីបអឺរ៉ុប និង២១ ប្រទេសក្នុងទ្វីបអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានដែលបង្កើតបានជាដៃគូសរុបចំនួន៥៣។
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» គឺជាព្រឹត្តិការណ៍អមផ្លូវការមួយ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយសហភាពអឺរ៉ុប និងមូលនិធិអាស៊ី-អឺរ៉ុប ។
នាឱកាសនោះដែរ លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា «ភាពចម្រុះនៃវប្បធម៌ អាស៊ី និងអឺរ៉ុប ត្រូវបានប្រារព្វឡើង នៅក្នុងមហោស្រពនេះ ជាមួយនឹងការសម្តែងសិល្បៈទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា ក្នុងគោលបំណងជំរុញទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើង រវាងទ្វីបទាំងពីរ»។
ដោយឡែក លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ដ និងផ្សព្វផ្សាយវប្បធម៌ បានបញ្ជាក់ថា កម្មវិធីចាក់បញ្ចាំងភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប រៀបចំឡើងដោយក្រសួង វប្បធម៌កម្ពុជា សហការជាមួយសហភាពអឺរ៉ុប មូលនិធិអាស៊ីអឺរ៉ុប (ASEF) គាំទ្រហិរញ្ញវត្ថុដោយ សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា ។
លោកបន្ដថា គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តនេះ ជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដើម្បីចូលរួមលើក ស្ទួយទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជន និង ប្រជាជនៃទ្វីបទាំង២ អាស៊ី និងអឺរ៉ុប ពិសេសបង្កើនការ យល់ដឹងពីគ្នាទៅវិញទៅមក ក្នុងជីវភាពរស់នៅ ប្រពៃណីទំនៀមទំលាប់ និងភាពចម្រុះនៃវប្បធម៌អាស៊ី និងអឺរ៉ុប ។
ភាពយន្តដែលបានដាក់ស្នើសុំ ចាក់បញ្ចាំងក្នុងមហោស្រពនេះ គឺសុទ្ធសឹងតែជាស្នាដៃភាពយន្តដែលផលិតរួមគ្នា រវាងផលិតករអាស៊ី និងអឺរ៉ុប (សហផលិតកម្ម) ឬជាស្នាដៃភាពយន្ត ដែលមានខ្លឹមសារបង្ហាញ ពីទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ព្រមទាំងទទួលបានជោគជ័យលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានកម្មវិធីវប្បធម៌ចំនួន២ រៀបចំដោយផ្ទាល់គឺ ការតាំងពិព័រណ៍វប្បធម៌ នៅសារមន្ទីរជាតិ ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្ត Major Cineplex សាខា AEON1 ចំនួន៣ថ្ងៃគឺ ថ្ងៃទី២២, ២៤ និង២៦ ខែវិច្ឆិកានេះ។ ខ្សែភាពយន្តចំនួន៤រឿង ដែលជាសហផលិតកម្មរវាងកម្ពុជា និងបារាំង ព្រមទាំងជាប្រភេទភាពយន្តអឺរ៉ុប ដែលថតនៅក្នុងតំបន់អាស៊ី ត្រូវបានជ្រើសរើស សម្រាប់ការចាក់បញ្ចាំង ក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ រឿងទ្វាររបង, រឿងកង្វះរូបភាព, រឿងដុំហ្វីលចុងក្រោយ និងរឿងទាហានស្បែកស ៕