ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ បុរសម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុក៧ ឆ្នាំ ពាក់ព័ន្ធរំលាភសពសន្ថវ: កុមារីម្នាក់ នៅខេត្តព្រះវិហារ

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់បុរសជាប់ចោទ ម្នាក់ ដែលត្រូវបានសាលាដំបូងខេត្តព្រះវិហារកាត់ទោស ដាក់ពន្ធធានាគារ កំណត់៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំលាភសពសន្ថវ: កុមារីម្នាក់ ជាអនីតិជន ប្រព្រឹត្តនៅក្នុង ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបឈ្មោះ វេន តើយ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១, ស្រុកសង្គមថ្មី, ខេត្តព្រះវិហារ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ សឹក សំណាង អាយុ ១៦ ឆ្នាំ ភេទ ស្រី មានទីលំនៅ នៅក្នុងភូមិ-ឃុំ-ស្រុក និង ខេត្តជាមួយនឹងជនជាប់ចោទ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ វេន តើយ ត្រូវបានសាលាខេត្តដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ពីបទ ” រំលាភសពសន្តវះមាស្ថានទម្ងន់ទោស'” ។ តែគាត់ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តព្រះវិហារ មកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។

ជនជាប់ចោទ វេន តើយ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ ឃុំភ្នំត្បែង១, ស្រុកសង្គមថ្មី, ខេត្ត ព្រះវិហារ។ ។

នាពេលសវនាការ, ជនជាប់ចោទ ឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទមែន និង សុំអោយតុលាការឧទ្ធរណ៍មេត្តា បន្ធូរបន្ថយទោសដល់រូបគាត់ ផង ដើម្បីឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារគាត់វិញ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២១៕ដោយ រស្មី អាកាស

To Top