ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ដោយសារស្ថានភាពបាក់ច្រាំងទន្លេកាន់តែខ្លាំងបន្ថែមទៀត។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារស្ថានភាពនៃការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ ៧០A ចំណុចPK3500 ស្ថិតនៅភូមិ ពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល បានបាក់ដល់គំនូសពណ៌លឿងលើខ្នងកៅស៊ូ មានបណ្ដោយប្រវែង ប្រមាណ៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
រដ្ឋបាលខេត្តបញ្ជាក់ថា «ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ការងារស្ថាបនាច្រាំងទន្លេ និងជួសជុលផ្លូវខាងលើ រួចរាល់»៕





