ភ្នំពេញ ៖ បុរសម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច កំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានឃាត់ខ្លួនបានហើយ នៅម៉ោង១រសៀល ថ្ងៃ២៦ វិច្ឆិកា នេះ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយការឃាត់ហើយ នាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ការចាប់ឃាត់ខ្លួននេះធ្វើឡើងក្រោមបទបញ្ជាលោកនេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ូលិសចរាចរណ៍កំពុងឈរជើងនៅចំណុចគោលដៅ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ (ពាក់អាវស ម៉ូតូគ្មានកញ្ចក់) ក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចធ្វើការស្ទាក់ឃាត់ បណ្តាលឲ្យដួលម៉ូតូខ្លួនឯង តែមិនមានរងរបួសអ្វីនោះទេ។
បន្ទាប់លើកម៉ូតូរួច បុរសចិត្តខ្លាំងខាងលើ បានបញ្ចេញកាយវិការដ៏ក្អេងក្អាង ចង្អុល និងប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចជាច្រើនរូប ជាពិសេស គឺស្ទុះរកវាយសមត្ថកិច្ចម្នាក់ចង់ស៊ីសាច់ ៕





