ភ្នំពេញ ៖ នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា អង្គការសុខភាព ពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី B.1.1.529 ដែលឆ្លងលឿងខ្លាំងជាង Delta ទ្វេដង។
យោងតាមគេហទំព័រហ្វេសប៊ុក CDC នាថ្ងៃទី២៦ វិច្ឆិកា នេះបានឱ្យដឹងថា «អង្គការសុខភាព មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ចំនួនខ្នែងSpike Protein 32 បានបំលែង ដែលធ្វើឲ្យខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហើយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត»។
CDC បានបន្ដថា ប្រភពរកឃើញដំបូង នៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀត ដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ មេរោគ បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 នេះបានរកឃើញចំនួនពីរករណីនៅក្រុងហុងកុង ដែលធ្វើដំណើរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង ។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ សូមបន្តអនុវត្តន៍ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕