ព័ត៌មានជាតិ

បុរសជេរប្រមាថ និងដេញវាយប៉ូលីសចរាចរណ៍ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា បុរសដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយប៉ូលីសកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ហើយ កាលពីម៉ោង៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីបន្ត ។

ការបញ្ជូនទៅតុលាការនេះ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង១រសៀលថ្ងៃ២៦ វិច្ឆិកា ដដែលនេះ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ ។

មុនឈានដល់ការឃាត់ ត្រូវបានលោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាឲ្យចាប់ខ្លួន ដើម្បីអនុវត្តទៅតាមច្បាប់ ដើម្បីកុំឲ្យប្រព្រឹត្តមិនគប្បីមកលើសមត្ថកិច្ចបន្តទៀត។

សូមបញ្ជាក់ថា បុរសរូបនេះ មានឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។រូបគេបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ៕

To Top