នយោបាយ

លោក សយ សុភាព សង្ឃឹមថា គណបក្សភ្លើងទៀន ចូលរួមកសាងជាតិ ជាមួយបក្សនយោបាយស្របច្បាប់ ដើម្បីសន្ដិភាព

ភ្នំពេញ ៖ អ្នកតាមដានភូមិសាស្ដ្រ នយោបាយ លោក សយ សុភាព បានសង្ឃឹមថា គណបក្សភ្លើងទៀន ចូលរួមកសាងជាតិជាមួយ គណបក្សនយោបាយ ស្របច្បាប់ទាំងអស់ ដើម្បីបុកគ្រឹះ ស្ថេរភាពនយោបាយ និងសន្តិភាព ឱ្យកាន់តែជ្រៅ។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សយ សុភាព បានអបអរសារទរ ចំពោះសមាជ របស់គណបក្សភ្លើងទៀន ក្នុងដំណើរលិទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅរកការចូលរួមការបោះឆ្នោត នាពេលខាងមុខ។

លោក បានបញ្ជាក់ថា «នេះជា គណបក្សភ្លើងទៀន របស់ខ្មែរពិតប្រាកដ ។ ខុសពីអតីត គណបក្សសង្រ្គោះជាតិ ដែលក្រុមប្រទេសភ្នែក៥ ជាអ្នកបង្កើត ហើយបង្កគ្រោះចង្រៃដល់ជាតិ ។ ខ្ញុំសង្ឃឹមថា គណបក្សភ្លើងទៀន ចូលរួមការកសាងជាតិជាមួយ បក្សនយោបាយស្របច្បាប់ទាំងអស់ ដើម្បីបុកគ្រឹះ ស្ថេរភាពនយោបាយ និងសន្តិភាព ឱ្យកាន់តែជ្រៅ»។

សូមបញ្ជាក់ថា គណបក្សភ្លើងទៀន បានប្រារព្ធពិធីសមាជសាមញ្ញាគណបក្ស នាថ្ងៃទី២៧ វិច្ឆិកា នេះ នៅសណ្ឋាគារសាន់វ៉េ មានអ្នកចូលរួម ពីសមាជិក-សមាជិកា ព្រមទាំង ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់។ គណបក្សភ្លើងទៀន រៀបចំសមាជសាមញ្ញាគណបក្សនេះ គឺអនុលោមតាមលក្ខន្ដិកៈគណបក្ស និងកំណត់ទិសដៅ យុទ្ធសាស្ដ្រនយោបាយសំខាន់ៗ សម្រាប់គណបក្ស៕

To Top