នយោបាយ

អ្នកកាសែតជើងចាស់ ខាងតាមដានភូមិសាស្ត្រនយោបាយ លោក សយ សុភាព ផ្តាំផ្ញើឲ្យឈប់យកលេស បញ្ហាទន្លេសាប និងទន្លេមេគង្គ តថ្លៃជាមួយកម្ពុជា (Video)

ភ្នំពេញ ៖ ជុំវិញការដាក់បទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យចាត់វិធានការ និងដោះស្រាយការកាន់កាប់ ទន្ទ្រានដីព្រៃលិចទឹក កាលពីពេលថ្មីនេះ ក្នុងនាមជាអ្នកសារព័ត៌មានចាស់វស្សាមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សយ សុភាព បានបញ្ចេញមតិផ្ទាល់ខ្លួនថា កុំយកលេសបញ្ហាទន្លេសាប ឬទន្លេមេគង្គ មកតថ្លៃជាមួយកម្ពុជាបានជាដាច់ខាត ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា “បឹងទន្លេសាបរួចផុតទ្រុងដែក និងមហិច្ឆតាហើយ!” ។ គាំទ្រទាំងស្រុង ចំពោះចំណាត់ការក្តៅ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន បំផ្លាញដល់ឬសគល់ នូវរាល់មហិច្ឆិតា ចង់បំផ្លាញ បឹងទន្លេសាបរបស់ខ្មែរ តាមរយៈកាប់ទន្រ្ទានយកដី ជុំវិញបឹងទន្លេសាប រួចហើយឈាន ទៅដល់ការប្រកួតប្រជែង…។

តាមរយៈមតិផ្ទាល់ខ្លួនក្នុងនាម ជាអ្នកតាមដាន ភូមិសាស្ត្រនយោបាយ និងធ្លាប់បានលើកយករឿងបឹងទន្លេសាបនេះ មកនិយាយជាច្រើនសារមកនោះ លោក សយ សុភាព បានសង្កត់ធ្ងន់ថា “មិនអាចយកលេសបញ្ហា ទន្លេសាបឬមេគង្គមក តថ្លៃជាមួយកម្ពុជា បានជាដាច់ខាត”។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថែមទាំងបញ្ចេញនូវការសោកស្តាយ របស់លោកចំពោះមន្ត្រីជួររាជរដ្ឋាភិបាលមួយក្តាប់តូច ដែលមិនបានស្វែង យល់ច្បាស់ ពីភូមិសាស្ត្រ នយោបាយ មើលឃើញប្រយោជន៍ផ្ទាល់ខ្លួន ជាធំ បានចូលក្នុងអន្ទ្រាក់នយោបាយ ធ្វើការទន្ទ្រាន់កាន់កាប់ដី ព្រៃលិចទឹកកន្លងមក ។

លោកថា “មិនគួរបុគ្គលមានអំណាចមួយក្តាប់តូច ល្ងង់ខ្លៅដើរចូលអន្ទាក់ ហើយទន្រ្ទានដី ជុំវិញបឹងទន្លេសាប បំរើគេដោយមិនដឹងខ្លួន។ អ្នកមិនត្រឹមតែដកតួនាទី ឬប្រឈមមុខទៅនឹងច្បាប់ទេ ជនលើ្មសត្រូវបណ្តេញ ចេញពីបក្សថែមទៀត ព្រោះគេសាងកំហុសធ្ងន់ណាស់ សម្រាប់ជាតិ។ សុំមើលឲ្យជ្រៅលើបញ្ហានេះ វាទាក់ទងទៅដល់ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចជាតិទាំងមូល។ ពេលនេះមហិច្ឆតាអាក្រក់ រឿងបញ្ហាទន្លេសាបចប់ហើយៗ កុំរកលេសមក វៃខ្មែរទៀត” ។

ជារឿយៗមានបរទេសជាច្រើនបានយកបញ្ហានេះ មកវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់សម្ពាធ ។

គួរឲ្យដឹងថា តាមរយៈសារសំឡេងនាថ្ងៃ២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ។ សម្ដេចតេជោ ប្រកាសថា ក្រោយទទួលរបាយការណ៍ ពីរាជបណ្ឌិត្យសភាកម្ពុជា គឺរកឃើញថា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។ សម្ដេចតេជោ ក៏បានណែនាំដល់អភិបាលខេត្ត ជុំវិញបឹងទន្លេសាប ត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធខាងលើនេះ ឲ្យបានត្រឹមត្រូវបំផុត ។

បន្ទាប់ពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលភ្លាមៗ ក្រុមមន្រ្តីជាន់ខ្ពស់របស់កម្ពុជាបានបើកកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។

ក្នុងនោះដែរ សម្ដេចតេជោ ក៏បានបញ្ជាឲ្យ លោក សៅ សុខា ត្រូវដឹកនាំកម្លាំងជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាដីព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់គ្រប់មធ្យាបាយ។ ជាមួយគ្នានោះ សម្ដេចតេជោ បានណែនាំដល់អភិបាលខេត្ត ជុំវិញបឹងទន្លេសាប ត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធខាងលើនេះ ឲ្យបានត្រឹមត្រូវបំផុត។ សម្រាប់លោម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សម្តេចបានកំណត់ឲ្យដឹកនាំ ដើម្បីចុះស្រាវជ្រាវ រកមន្ដ្រីដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ កាត់ទោសទាំងអស់៕

To Top