ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេស ចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍ មុនចូលមកប្រទេសកម្ពុជា។
ការហាមឃាត់នេះ ក្រោយពីអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ដោយបានកំណតឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាល ដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៩ វិច្ឆិកា ដែល បានដកស្រង់ប្រសាសន៍លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ។
លោកបន្ដថា «ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលនៃកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេស កម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈ សិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ -១៩ ប្រភេទអូមីក្រុង (Omicron) ដោយត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ»។
សូមបញ្ជាក់ថា ប្រទេសចំនួន១០ នោះរួមមាន (1) Botswana (2) Eswatini (3) Lesotho (4) Mozambique (5) Namibia (6) South Africa (7) Zimbabwe (8) Malawi (9) Angola និង (10) Zambia៕