ព័ត៌មានជាតិ

សមាគមនារីកម្ពុជា និងCMH រៀបចំសិក្ខាសាលាស្រ្តី ស្ដីពី ផលប៉ះពាល់គ្រឿងស្រវឹង

ភ្នំពេញ ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) នាថ្ងៃទី២៩ វិច្ឆិកា បានរៀបចំសិក្ខាសាលាស្ត្រី ស្តីពី «ផលប៉ះពាល់នៃគ្រឿងស្រវឹង» ។ ដោយបង្ហាញការព្រួយបារម្ភនៃផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង តាមរយៈការពិភាក្សារួមមួយ ក្រោមប្រធានបទ «ផលប៉ះពាល់នៃគ្រឿងស្រវឹង»។

បញ្ហាដែលត្រូវ បានលើកឡើងនោះ រួមមាន ៖ គ្រោះថ្នាក់ចរាចរណ៍, អំពើហិង្សា, ការជួញដូរមនុស្ស, ការឆ្លងជំងឺកូវីដ-១៩ និងកើតជំងឺផ្សេងៗទៀត ដែលសុទ្ធសឹងតែបង្កឡើងពីការប្រើប្រាស់គ្រឿងស្រវឹង។

តាមរយៈការពិភាក្សានេះ សិក្ខាសាលាក៏បានផ្តួចផ្ដើមគំនិតក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ នៃគ្រឿងស្រវឹង ដោយលើកឡើងនូវវិធានការហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ ដោយហេតុថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាមួលហេតុចម្បងមួយ ដែលជំរុញឲ្យប្រជាជនប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន និងកាន់តែញឹកញាប់ក្នុងចំណោមយុវជន និងស្រ្តី។

នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានប្រសាសន៍ថា « កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបំផុសការយល់ដឹង និងកង្វល់អំពីផលប៉ះពាល់នៃគ្រឿងស្រវឹងចំពោះសង្គម ជាពិសេសការរំលោភបំពានផ្លូវភេទ ការជួញដូរមនុស្ស។ ម្យ៉ាងវិញទឿត កម្មវិធីនេះក៏មានគោលបំណងកំណត់រកគំនិតផ្ដូចផ្ដើមក្នុងការស្នើឡើងនូវយុទ្ធសាស្រ្តជាតិជាអាទិភាពសម្រាប់ការឆ្លើយតបទៅនឹងផលប៉ះពាល់សង្គមដោយគ្រឿងស្រវឹង»។

ដោយឡែក លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នស្ថិតក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភ។ ការប្រើប្រាស់រង្វាន់ទាក់ទាញ ការប្រើប្រាស់តារាល្បីៗតាមគ្រប់មធ្យាបាយ មានលក្ខណៈទាក់ទាញយ៉ាងខ្លាំងដល់ស្រ្តី កុមារ និងយុវជនឲ្យប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

សូមបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឲ្យមានជំងឺជាង២០០មុខ ។ លើសពីនេះ គ្រឿងស្រវឹងជាកត្តាចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ គ្រឿងស្រវឹងក៏ជាកត្តាហានិភ័យជំរុញឲ្យមានអំពើហិង្សាគ្រប់ប្រភេទ។ តាមលទ្ធផលស្រាវជ្រាវរបស់ ក្រសួងកិច្ចការនារី បានបង្ហាញថា ភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃអំពើហិង្សា កើនឡើងស្របគ្នាជាមួយការកើនឡើងនៃការសេពគ្រឿងស្រវឹងរបស់ដៃគូ ។ គ្រឿងស្រវឹងបណ្ដាលឲ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ នៅលើពិភពលោក ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

To Top