នយោបាយ

អ្នកតាមដាន នយោបាយថា ពួកភ្នែក៥ បណ្តុះមនោគមន៍វិជ្ជា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ (Video)

ភ្នំពេញ ៖ លោក សយ សុភាព អ្នកតាមដានភូមិសាស្ដ្រនយោបាយ បានលើកឡើងថា គ្មានឈ្មោះ គណបក្សសង្រ្គោះជាតិទៀតទេ នៅប្រទេសខ្មែរ តែពួកភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) នៅបន្តញុះញ៉ង់ ឲ្យប្រើពាក្យនេះតទៅទៀត ដើម្បីបង្កើតបញ្ហាបង្ករឿងមិនចេះចប់ មិនចេះហើយ។

សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយនេះ ត្រូវបានក្រុមមេធាវីក៏ដូចជាមនុស្សជំនិត លោក កឹម សុខា តែងតែលើកឡើងជាញឹកញាប់ទៅខាងក្រុមលោកសម រង្ស៊ីថា ឲ្យឈប់ភ្ជាប់ពាក្យនេះទៀត ក្រោយលោក កឹម សុខា ត្រូវបានដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុង ។ តែជារឿងចំលែកនិងភ្ញាក់ផ្អើលដែលជាលើកដំបូង កាលពីថ្ងៃ២៨ វិច្ឆិកា លោក កឹម សុខា ប្រកាសក្តែងៗក្នុងហ្វេសប៊ុកថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ីទៀតទេ ពោលមិនមែនជាមនុស្សតែមួយ ជាមួយលោកសម រង្ស៊ី ។ លោក កឹម សុខាក៏បានព្រមានទៅលោក សម រង្ស៊ី និងបក្ខពួកឲ្យឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតទៅប្រើប្រាស់ភ្ជាប់ ជាមួយសកម្មភាពមហិច្ឆតា នយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សយ សុភាព បានថ្លែងថា «ពួកនេះបញ្ជារឲ្យប្រព័ន្ធឃោសនារបស់គេទាំងភាសាខ្មែរ និងបរទេស ព្រមទាំងអង្គការអន្តជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដែលទទួលហិរញ្ញវត្ថុពីពួកគេឲ្យប្រើពាក្យ បក្សសង្រ្គោះជាតិដដែល ដែលមើលមកហាក់បីដូចជាឈ្មោះបក្សនេះ អាទិទេពមកជួយខ្មែរអីចឹង។ ធាតុពិត ពួកនេះគ្មានឡើយ នៅក្នុងចិត្តរបស់គេ ការពិតពួកគេរៀបយុទ្ធសាស្ត្រប្រឆាំងចិននៅស្រុកខ្មែរទេ»។

លោកបន្ដថា ចំណុចយុទ្ធសាស្ត្ររបស់គេ «តារាសារគរ កំពង់ផែរាម ទន្លេមេគង្គ ទន្លេសាប ពិសេស បំផ្លាញយុទ្ធសាស្ត្រចិន គឺ ប្រ៊ី ដែលកម្ពុជាក៏ជាប្រទេសស្ថាបនិកដែរ»។ រូបភាព និងទ្រឹស្តី ដែលយកមកស្រោចលើខ្មែរនោះគឺពាក្យ «ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សេរីភាព បញ្ចេញមតិ ពហុបក្ស ជាដើម ។ ទាំងនេះ ជាមនោគមន៍ពិលពុលមកបំពុលពង្វក់ខ្មែរកន្លងមក។

លោក សយ សុភាព បានពន្យល់ថា ឥឡូវពាក្យគណបក្សសង្រ្គោះជាតិ ប្រៀបបានធ្មប់នៅក្នុងខ្លួនអ្នកនយោបាយណានោះ ចាញ់បារមីខ្មែរហើយ ដូច្នេះគ្មានបក្សចង្រៃបែបនេះតទៅទៀតទេ។ ខ្មែរបានសុខហើយៗ ក៏គ្មានពាក្យអ្នកទោសមនសិកាខ្មោចសេះអី តទៅទៀតដែរ។

លោកបញ្ជាក់ទៀតថា «យើងស្វាគមន៍ បក្សនយោបាយដែលបង្កើតដោយខ្មែរ បក្សភ្លើងទៀនដែលវិវត្តន៍ ខ្លួនពីបក្សជាតិខ្មែរ បង្កើតនៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ បន្ទាប់មក គណបក្សសម រង្ស៊ីដែលពួកភ្នែក៥យកទៅច្របាច់បញ្ចូលជាមួយបក្សសិទ្ធិមនុស្ស នៅហ្វីលីពីននាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។ ដោយឡែក បក្សរបស់លោកពូ កឹម សុខា បានបង្កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧ វេលាម៉ោង ៧ព្រឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក»។

លោកបន្ថែមថា ដូច្នេះការបោះឆ្នោតនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន។ រលាយទៅពាក្យ «អ្នកទោសមនសិកា»។ នេះជាសតវត្សន៍ អាស៊ី ចិន និងអាហ្រ្វិក មិនមែនពួកស្បែកសតទៅទៀតទេ។ ខ្មែរ ក៏នឹងលែងត្រូវបានពួកនេះ និងក្បែរៗខ្លះ មកអុងអាត់លើខ្មែរដែរ។ ឯករាជ្យ ៩-១១-៥៣ សន្តិភាព ២៩-១២-៩៨ «ព្រះបរមរតនៈកោដ្ឋ រដ្ឋបុរស សន្តិភាព»៕

To Top