ភ្នំពេញ ៖ ដូចការគ្រោងកម្ពុជា បានរៀបចំធ្វើមហាសន្និបាត សមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មី នៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែធ្នូនេះ នៅខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានថ្លែងក្នុងមហាសន្និបាតនាព្រឹកថ្ងៃទី១ ធ្នូ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុថា ជាមួយមោទកភាព នៃសម្រស់ ដ៏ស្រស់ស្អាត នៃឆ្នេរ និងសមុទ្រកម្ពុជា នៅពេលនេះដោយបានរៀបចំ វេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញ គ្រប់គ្រង បរិស្ថាន សមុទ្រអាស៊ី-បូព៌ា ប្រចាំឆ្នាំ២០២១ នៃអង្គការ PEMSEA ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិកទាំង៥១ខេត្ត-ក្រុង រួមទាំងខេត្តព្រះសីហនុ និងខេត្ត តំបន់ឆ្នេរចំនួន៣ ផ្សេងទៀត របស់កម្ពុជា និងចូលរួមពីប្រទេសជាសមាជិកចំនួន១១ ក្នុងតំបន់ និង អាស៊ាន ព្រមទាំងអង្គការអន្តរជាតិ ចំនួន២១ នៅទូទាំងតំបន់ អាស៊ី-បូព៌ា បានជួបជុំពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍នៃការគ្រប់គ្រង តំបន់ឆ្នេរ និងសមុទ្រប្រទេសនីមួយៗ សំដៅសហការរួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ក្នុងតំបន់ប្រកប ដោយនិរន្តរភាព។
លោកបញ្ជាក់ថា “ក្នុងនាមជាសមាជិកបណ្តាញPNLG យើងខ្ញុំទាំងអស់គ្នា បានរួមគ្នាអនុម័តនូវសេចក្តីប្រកាសរួម ខេត្តព្រះសីហនុ (Preah Sihanouk Declaration) ដែលបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ពស់ របស់យើងខ្ញុំ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តអភិវឌ្ឍន៍ សេដ្ឋកិច្ចខៀវ តាមរយៈកម្មវិធី ICM និងគំនិតផ្តួចផ្ដើមពាក់ព័ន្ធផ្សេងៗទៀត ។ ហេតុដូច្នេះ យើងខ្ញុំទាំងអស់គ្នាបានប្តេជ្ញាថា នឹងខិតខំធ្វើការសហការគ្នាជាបណ្ដាញ ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រសកម្មភាព PNLG ឆ្នាំ២០២២-២០៣០ ឲ្យមានប្រសិទ្ធភាព” ។
ចំណែក លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា នេះគឺជាលើកទី១ ដែលកម្ពុជា បានទទួលធ្វើម្ចាស់ផ្ទះ នៃការរៀបចំមហាសន្និបាត សមុទ្រ អាស៊ីបូព៌ាលើកទី៧ ចាប់តាំងពីចូលជាសមាជិក នៃអង្គការអន្តរជាតិភាពជាដៃគូ នៃការគ្រប់គ្រងបរិស្ថាន សមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ១៩៩៤ ។ មហាសន្និបាត ដែលមានរយៈពេល២ថ្ងៃនេះ នឹងប្រព្រឹត្តទៅ ដោយមានការចូលរួមផ្ទាល់ និងការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពពីបណ្តាប្រទេសជាសមាជិកនៃអង្គការ PEMSEA។
រដ្ឋលេខាធិការថ្លែងទៀតថា គោលបំណងសំខាន់ៗ នៃការរៀបចំ មហាសន្និបាត សមុទ្ររួមមាន៖ ទី១) ចែករំលែកមេរៀន ជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីក បន្ថែមនូវការ អនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២) បង្កើតនិងរៀបចំឡើងវិញ នូវយន្តការគ្រប់គ្រង ដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូ ក្នុងតំបន់ ។ និងទី៣) កំណត់នូវផែនទី បង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយ ចំពោះបញ្ហាសមុទ្រ នាទស្សវត្សន៍ខាងមុខ ៕ សំណាង