ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់អគារ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានជាង៣០ ,៣៧ ភាគរយ ។
ថ្មីៗនេះគណៈប្រតិភូក្រសួងសាធារណការ ដឹកនាំដោយ លោក យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ លោក Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធ របស់ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការ នៃគម្រោងសាងសង់ អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះត្រួតពិនិត្យលើគម្រោង ច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃ ចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេច ទៅតាមផែនការទិសដៅ ដើម្បីជាការរួមចំណែក ជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនោះ លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងអនុវត្តការងាររបស់ខ្លួន សម្រេចបាន ៣០,៣៧ភាគរយ ហើយក្រុមហ៊ុនសាងសង់ បានប្តេជ្ញាចិត្តថា នឹងបញ្ចប់គម្រោងសាងសង់ ច្រកអន្តរជាតិនេះ ទៅតាមផែនការកំណត់។
ជាមួយគ្នានោះ គណៈប្រតិភូក្រសួងសាធារណការ និងស្ថាប័ននីដា (NEDA) នៃប្រទេសថៃ បានជម្រុញ ក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងឲ្យសម្រេចបាន តាមផែនការកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសរបស់គម្រោង។ គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបាន ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលា ក្នុងត្រួតពិនិត្យ៕