ព័ត៌មានជាតិ

ស្ថាបនាផ្លូវលេខ១៤៨ ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចជាង៤០%

ភ្នំពេញ ៖ សកម្មភាពការងារសាងសង់នៃការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែង ១៨,៦៧៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៤០,៨៩% លឿនជាងផែនការប្រមាណ១,៥៥%។

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យគុណភាព និងសកម្មភាព ការងារសាងសង់នៃការដ្ឋានស្ថាបនាកំណាត់ផ្លូវខេត្តលេខ១៤៨ និងប្រព័ន្ធលូបង្ហូរ ។


នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមហ៊ុនទទួលម៉ៅការសាងសង់យកចិត្តទុកដាក់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោមតាមស្តង់ដាបច្ចេកទេសបានកំណត់ ធ្វើយ៉ាងណាធ្វើម្តងឲ្យហើយ កុំធ្វើម្តងទៀតនាំឲ្យខាតបង់ពេលវេលា និងថវិកាដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។

ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង(Concrete Paving Machine)ទំនើបដែលធ្វើឲ្យផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ដែលជួយឲ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១ នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឲ្យយានយន្តរអិលក្នុងពេលបើកបរ និងគ្រប់គ្រងស្នាមប្រេះបានល្អ ខណៈកន្លងមកការឆូតកាត់ផ្លូវបេតុង(ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃ ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ និងនាយកដ្ឋានបច្ចេកទេសសាធារណការ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ ដែលគ្រោងចំណាយពេលសាងសង់ចំនួន២៨ខែ។

សូមជម្រាបជូនថា ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថាបនាដោយក្រាលបេតុងសរសៃដែកប្រវែង២២,៣៤៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២៦សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម០,៥០ម៉ែត្រសងខាង ចាប់ពីPK២៤+៣៥០ ដល់ PK៤៣ +០២៥ (មានស្រទាប់Sub Base ១៥សង់ទីម៉ែត្រ និងស្រទាប់ Base Course កម្រាស់ ៣០ សង់ទីម៉ែត្រ)៕

To Top