ភ្នំពេញ៖ ថ្មីៗនេះ យោងតាមតួលេខរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានចំនួនទឹកប្រាក់កើន រហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន ៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១២២២លានដុល្លារអាមេរិក មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯទំហំនៃការនាំចូល ពីប្រទេសចិនមកកាន់កម្ពុជាវិញ មានចំនួនប្រហែល៧៧០៩ លានដុល្លារអាមេរិក មានកំណើន ៣៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ចិន មានកំណើនកើនឡើងទោះបី ជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លា និងមានកម្លាំងឥទ្ធិពល នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									