ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលស្រុកបាទី កាលពីថ្ងៃទី ២ខែ ធ្នូ ឆ្នាំ ២០២១ បានចាប់ឃាត់ខ្លួន បុរសសង្ស័យម្នាក់ និងនៅថ្ងៃសុក្រនេះ បានបញ្ជូនខ្លួន ទៅកាន់សាលា ដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយវាយសម្លាប់ឪពុកបង្តើតខ្លួនឯង នឹងបំពង់ទីបដែកចំក្បាល បណ្តាលឲ្យបែក និង ផុងលលាដ៍ក្បាលស្លាប់ យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅត្រង់ចំណុចព្រៃក្រោយភូមិ ត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានអោយដឹងថា ជនសង្ស័យ រូបនេះ មាន ឈ្មោះ និល មន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ ។ ចំណែកឯ ជនរងគ្រោះ មាន ឈ្មោះ និល ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ កសិករ។
អ្នកទំាងពីរ គឺត្រូវជាឪពុកនិងកូន និងមានទីលំនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២ ខែ ធ្នូ បន្ទាប់ពីបាន វាយសម្លាប់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ចំពោះ ករណីនេះ, ជនសង្ស័យត្រូវបានជាប់ចោទពីបទ: “ឃាតកម្ម” តាមបញ្ញត្តិមាត្រា ១៩៩។ ជនសង្ស័យ អាច ប្រឈមមុខនឹងការជាប់គុក ចន្លោះ ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញពី ពិរុទ្ធភាព។
ឥឡូវនេះ, ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕
ដោយ រស្មី អាកាស