ភ្នំពេញ ៖ ក្រោយការយាងមកដល់មាតុប្រទេសវិញ របស់ព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ៨ ធ្នូ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ។ នេះបើយោងតាមសារាចរ ណែនាំស្តីពីកាចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ ។
សេចក្តីណែនាំចេញនាថ្ងៃ៣ ធ្នូនេះ ក៏បានឲ្យក្រសួង ស្ថាប័នរដ្ឋនានា វិស័យឯកជន និងប្រជាជនត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៅថ្ងៃ ៨ ធ្នូផងដែរ។
ជាមួយគ្នានោះដែរ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនផ្អាកការសម្តែងនិងចាក់ផ្សាយកម្មវិធីសប្បាយៗ ក្នុងលក្ខណៈគគ្រឹកគគ្រេង។
សូមបញ្ជាក់ថា ព្រះសពសម្តេចក្រុមព្រះ នឹងដង្ហែរមក ដល់រាជធានីភ្នំពេញ វេលាម៉ោង១១ថ្ងៃត្រង់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ។ បន្ទាប់ពីការយាងមកដល់ហើយ ព្រះសពនឹងតម្កល់ធ្វេីបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន រាជធានីភ្នំពេញ(ព្រះដំណាក់ចាស់)៕