ព័ត៌មានជាតិ

ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដង្ហែពីបារាំងមកដល់កម្ពុជា

ភ្នំពេញ៖ ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៥ខែធ្នូនេះ បានយាងដង្ហែ តាមជើងយន្តហោះពិសេស ពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជា។

ពិធីបុណ្យព្រះសព របស់ព្រះអង្គ តម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជដំណាក់ព្រះអង្គ នៅផ្លូវសម្តេចប៉ាន់ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សូមរំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top