ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហើបពីដំណឹងល្អចំនួន៣ សម្រាប់ប្រជាជនកម្ពុជា ។ ដំណឹងល្អនោះ គឺភាគីចិនបានធ្វើការសម្រេចចិត្តក្នុងការសិក្សា វិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ព្រមទាំងកំពុងសិក្សាសាងសង់រោងចក្រ ផលិតវ៉ាក់សាំងនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ លោក វ៉ាង វិនធៀន បានលើកឡើងថា «ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ប្រសិនរលូនផ្លែមៀនកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ»។
ពាក់ព័ន្ធករណីវ៉ាក់សាំង លោក វ៉ាង វិនធាន បានឲ្យដឹងថា ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ស្តីពីគម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា។
លោកទូតបញ្ជាក់ថា «ពេលនេះក្រុមហ៊ុនស៊ីណូហ្វាម កំពុងតែទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាលកម្ពុជាលើការងារនេះ ហើយប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសខ្មែរបាន»។
ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានទទួលសំណើរ របស់កម្ពុជាទាំងអស់នេះ៕