ព័ត៌មានជាតិ

អាជ្ញាធរ​​ ខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី ចាប់ដំណើរការ សាងសង់វិមានឯករាជ្យ

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដោយមន្ត្រីរាជការ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធពិធីក្រុងពាលី ចាប់ដំណើរការ សាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីទុកជាសម្បត្ដិ វប្បធម៌ទេសចរណ៍ ប្រវត្តិសាស្រ្ត ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រាសាសន៍ថា ការរៀបចំសាងសង់វិមានឯករាជ្យ ខេត្តកំពង់ចាមនេះ ដើម្បីជាកន្លែងប្រារព្ធពិធីរំលឹកខួប អនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃ ជាប្រវត្តិសាស្រ្ត នៃការអបអរសាទរបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ សំណង់វិមានឯករាជ្យមួយនេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណភាពក្នុងក្រុងកំពង់ចាម មួយផ្នែកធំផងដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលមកកំសាន្ត នៅខេត្តកំពង់ចាម ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អទៅដោយសួនច្បារ លើកកម្ពស់សោភ័ណភាព នឹងក៏សម្រាប់ឈានទៅប្រលងត្រណាំង ទីក្រុងស្អាត នាពេលខាងមុខផងដែរ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សំណង់វិមានឯករាជ្យ ចាប់ផ្ដើមសាងសង់ ក្នុងថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយដាក់ផែនការ ឲ្យជាងសាងសង់ឲ្យរួចរាល់ ក្នុងរយៈពេលមួយឆ្នាំ ។ លុះដល់ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ អាជ្ញាធរខេត្តនឹងរៀបចំប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍ បុណ្យឯករាជាតិ ហើយយកថ្ងៃនោះធ្វើពិធីសម្ពោធ សំណង់វិមានឯករាជ្យនេះតែម្ដង ៕

To Top