ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សម្តេច នឹងកាន់តំណែង ធ្វើជានាយករដ្ឋមន្ដ្រី ឲ្យដូច ព្រះបាទពញាយ៉ាត ដែលព្រះអង្គគ្រងរាជ្យ អស់រយៈពេល៤៣ឆ្នាំ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំនឹងកាន់អំណាចឲ្យបាន តិចបំផុតស្មើ ព្រះបាទពញាយ៉ាត ។ ព្រះអង្គបានគ្រងរាជ្យរយៈពេល៤៣ឆ្នាំ។ ចឹងឆ្នាំក្រោយ ខែមករា ខ្ញុំកាន់អំណាច បាន៣៧ឆ្នាំ ចឹងបូក៨ឆ្នាំទៀត ឡើងដល់៤៥ឆ្នាំ ។ ចឹងយ៉ាងហោចណាស់ ស្មើ ព្រះបាទពញាយ៉ាត»។
សម្ដេចតេជោបន្ដថា ក្រោយពីព្រះអង្គចប់មុខតំណែង កាលនោះកម្ពុជា មានសង្គ្រាមតែម្តង មិនមែនមានតែសាមកុកចិនទេ ខ្មែរក៏មានសាមកុកដែរ។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មេដឹកនាំរបស់រាជរដ្ឋាភិបាលទាំងឡាយ ដែលរួមដំណើរ ជាមួយសម្ដេច ហើយលើកលែង តែស្លាប់ បានបញ្ជាក់ ហើយ បើស្លាប់ដោយជំងឺ មេដឹកនាំទាំងឡាយ នាំគ្នាធ្វើជានាយករដ្ឋមន្ដ្រីបន្ដចុះ ប៉ុន្ដែបើស្លាប់ដោយការធ្វើឃាត សារភាពការណ៍ប្រែប្រួល ដោយអាចផ្ទុះសង្គ្រាម ក៏អាចថាបាន ព្រោះធម្មតាមុខសញ្ញាគេឃើញ អ្នកណានៅខាងក្រៅ អ្នកណានៅខាងក្នុង ។
សូមបញ្ជាក់ថា ព្រះបាទពញាយ៉ាត ឡើងសោយរាជ្យពីឆ្នាំ១៤២១-ឆ្នាំ១៤៦៣នៃគ.ស ។ ព្រះអង្គជាបុត្ររបស់ព្រះបាទស្រីសុរិយោវង្សទី២។ ឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាតបានដាក់រាជ្យ ឲ្យបុត្រច្បងគឺព្រះបាទនរាណ៍រាជា ។ នៅឆ្នាំ១៤៦៦ ព្រះបាទពញាយ៉ាតក៏បានសោយទីវង្គត ដោយរោគពាធនៅព្រះជន្ម ៧០ព្រះវស្សា។ នៅឆ្នាំ១៩៦៧ ព្រះបាទនរាណ៍រាជា បានកសាងចេតីយថ្វាយព្រះបាទពញាយ៉ាត នៅលើភ្នំដូនពេញ ដែលជាចេតីយធំជាងគេ បន្ទាប់មកនៅឆ្នាំ១៩១៧ ព្រះបាទស៊ីសុវត្ថិតបានកសាង ចេតីយនេះឱ្យធំជាងមុន៕