ព័ត៌មានជាតិ

កម្ពុជា ពុំព្រងើយកន្ដើយ ចំពោះសេចក្ដីរាយការណ៍ អំពីឧក្រិដ្ឋកម្មណាមួយឡើយ

ភ្នំពេញ ៖ ស្ថានបេសកម្មអចិន្ដ្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានឆ្លើយទៅតបទៅនឹងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)ថា អាជ្ញាធរកម្ពុជាពុំដែលព្រងើយកន្ដើយ ចំពោះសេចក្ដីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយឡើយ។

លោក Rupert Colville អ្នកនាំពាក្យ OHCHR កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបរិយាយទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបុគ្គលមួយចំនួនតូចរបស់កម្ពុជា។នេះយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកម្មអចិន្ដ្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។

សេចក្តីថ្លែងការណ៍បន្តថា ស្ថានបេសកកម្មអចិន្ត្រៃយ៍ សូមច្រានចោលទាំងស្រុងចំពោះការអត្ថាធិប្បាយបង្កការភ័ន្តច្រឡំមានលក្ខណៈនយោបាយបនីយ៍កម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ របស់លោក Rupert Colville។

ស្ថានបេសកកម្មអចិន្ត្រៃយ៍បញ្ជាក់ថា «អាជ្ញាធរកម្ពុជា ពុំដែលព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយនោះទេ។ ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភស្តុតាង និងសាក្សីបានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យដែលក្រោយមកបានឆ្លើយសារភាពពីការប្រព្រឹត្តបទល្មើស»។

ស្ថានបេសកម្មអចិន្ដ្រៃយ៍បន្ដថា ប្រសិនបើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សមានភស្តុតាងដោះបន្ទុករឹងមាំ ការិយាល័យឧត្តមស្នងការត្រូវបានស្វាគមន៍បញ្ជូនភស្តុតាងទាំងនោះទៅកាន់អាជ្ញាធរកម្ពុជា ដែលមានសមត្ថកិច្ច ដើម្បីផ្ទៀងផ្ទាត់ ដោយអនុលោមតាមវិធានដែលមានចែង។ កិច្ចសហប្រតិបត្តិការពិតប្រាកដ ដែលគ្មានរបៀបវារៈលាក់កំបាំងត្រូវ បានរំពឹងទុកថា នឹងទទួលបានពីទីភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិដែលមានតួនាទីជួយគាំទ្រ មិនមែនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនោះទេ៕

To Top