កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានធ្វើពិធីប្រគល់ ឈាបនដ្ឋាន ជូនទៅចៅអធិការវត្តបឹងកុកវិញ បន្ទាប់ពីបានជួសជុល និងបានធូរស្រាល ពីការឆ្លងរាលដាល និងស្លាប់ដោយសារជំងឺកូវីដ១៩ ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងកំឡុងពេលខេត្តកំពង់ចាម មានប្រជាពលរដ្ឋ បានឆ្លងជំងឺកូវីដ១៩ យ៉ាងកំហុក នឹងមានអ្នកស្លាប់ ជាបន្តបន្ទាប់នោះ រដ្ឋបាលខេត្តបានខ្ចីឈាបនដ្ឋាន វត្តបឹងកុក ដើម្បីបូជាសពដែលបានស្លាប់ ដោយសារជំងឺកូវីដ១៩ ។
លោកអភិបាលខេត្តបានរំលឹកថា ក្នុងកំឡុងពេល ដែលជំងឺកូវីដ១៩ ឆ្លងរាលដាលយ៉ាងកំហុក និងធ្វើឲ្យមានអ្នកស្លាប់ជាបន្តបន្ទាប់នោះ អាជ្ញាធរខេត្ត មានការលំបាកក្នុងការរកទីតាំង ដើម្បីបូជាសព ដោយហេតុថា ចៅអធិការវត្តមួយចំនួន មានការភ័យខ្លាច ជំងឺកូវីដ១៩ ឆ្លងតាមរយៈការបូជាសព នឹងមានផលប៉ះពាល់ដល់ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត និងខ្លាចមានការរើសអើង ពីពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ។
ដូច្នោះហើយ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះចៅអធិការវត្តបឹងកុក និងវត្តកោះប្រាក់ ដែលបានផ្ដល់ទីតាំង សម្រាប់ធ្វើការបូជាសព អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នាពេលកន្លងមក ។
លោកអភិបាលខេត្តបានបន្តថា ដោយមើលឃើញថា ឈាបដ្ឋានវត្តបឹងកុក មានសភាពចាស់ទ្រុឌទ្រោម ទើបក្រោយពេលបានធូរស្រាល ពីជំងឺឆ្លងដ៏កាចសាហាវនេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការជួសជុលឈាបនដ្ឋាននេះ បានរួចរាល់ និងប្រគេនដល់ព្រះចៅអធិការវត្តវិញ ដើម្បីចាតចែងប្រើប្រាស់ តាមបែបព្រះពុទ្ធសាសនាវិញ ៕