នយោបាយ

រោងចក្រផលិត វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិន នឹងក្លាយជាសមិទ្ធផល សហប្រតិបត្តិការថ្មី នៃចំណងមិត្តភាពដែកថែប បន្ទាប់ពីបានបង្កើត ឡើងនៅកម្ពុជា

ក្នុងកិច្ចជំនួបរវាងលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះ បាននាំមកនូវដំណឹង ដ៏រំភើបរីករាយមួយ សម្រាប់ប្រជាជនកម្ពុជា ពោលគឺប្រទេសចិនប្រកាសគាំទ្រ ឱ្យមានការបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ-១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា ។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រោយពេលមានរោងចក្រផលិតវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នៅកម្ពុជា នឹងធ្វើឱ្យកម្ពុជា អស់កង្វល់រឿង រកវ៉ាក់សាំង ពោលគឺកម្ពុជាមានលទ្ធភាព ដើម្បីទិញវ៉ាក់សាំង ដែលផលិតនៅក្នុងរោងចក្រ ដែលផលិតនៅកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេស ខ្លួនឯងផង ហើយកម្ពុជា ក៏មានលទ្ធភាព ដើម្បីចែកចាយវ៉ាក់សាំងនេះ ទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញ របស់ប្រទេសដទៃ ។

ដូចអ្វីដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិន ជាអ្នកចែកចាយ វ៉ាក់សាំងកូវីដ-១៩ ច្រើនបំផុត ចំពោះពិភពលោក មិនថាតាមរយៈយន្តការ COVAX ការផ្តល់ជំនួយ ផ្ទាល់ ឬការបញ្ជាទិញក្តី ។ យើងឃើញថា ប្រទេសកំពុងអភិវឌ្ឍន៍ ស្ទើរតែទាំងអស់ សុទ្ធតែបានប្រើ វ៉ាក់សាំងកូវីដ-១៩របស់ចិន សម្រាប់ទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសគឺប្រទេសកម្ពុជា រាប់តាំងពីការសម្រេចចិត្ត យកប្រទេសចិនធ្វើជាបង្អែក ផ្នែកយុទ្ធសាស្ត្រក្នុង ការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា មក អត្រាចាក់វ៉ាក់សាំងរបស់កម្ពុជា មានរហូតដល់ទៅជិត ៨៩ ភាគរយដែលជាអត្រាខ្ពស់ ជាងប្រទេសអភិវឌ្ឍន៍ជាច្រើន ។

បច្ច័យសំខាន់មួយចំនួនជាកម្លាំង ជំរុញឱ្យប្រទេសទាំងពីរចិន និងកម្ពុជាឈានដល់ កិច្ចសហប្រតិបត្តិការ ផ្នែកផលិតវ៉ាក់សាំង ។ ទីមួយគឺ ការជឿទុកចិត្តនិងការគាំទ្រ របស់រដ្ឋាភិបាលកម្ពុជា ចំពោះវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិន ។ យើងអាចប្រមើលបានថា បន្ទាប់ពីវ៉ាក់សាំងកូវីដ-១៩របស់ចិនត្រូវបានផលិតឡើង នៅក្នុងប្រទេសកម្ពុជា មិនថា ការទប់ស្កាត់វីរុសកូវីដ-១៩ ដែលកំពុងឆ្លងរាលដាល ឬវីរុសបំប្លែងថ្មីក្តី កម្ពុជានឹងអាចទទួលបានវ៉ាក់សាំង យ៉ាងទាន់ពេលវេលា និងបរិមាណគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។

ជាការកត់សម្គាល់ ប្រទេសទាំងពីរកម្ពុជា និងចិនគឺមានទស្សនៈសកលរួម និងនយោបាយការទូត ប្រហាក់ប្រហែលគ្នា ពោលគឺជ្រោងទង់ពហុភាគីនិយម ។ អាស្រ័យហេតុនេះ តាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីវ៉ាក់សាំងកូវីដ-១៩ ត្រូវបានផលិតឡើង នៅប្រទេសកម្ពុជា ក្រៅអំពីការ ប្រើប្រាស់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាក៏អាចក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំង ជូនប្រទេសដែលមាន តម្រូវការ ផងដែរ នេះក៏ជាបច្ច័យដ៏ សំខាន់មួយទៀត ដែលជំរុញឱ្យប្រទេសទាំងពីរ ឈានដល់កិច្ចសហប្រតិបត្តិការ ផ្នែកផលិតវ៉ាក់សាំងផងដែរ ។

«មិត្តល្អជួយគ្នាក្នុងគ្រាអាសន្ន» នេះជាទស្សនវិជ្ជាមួយដែលថ្នាក់ដឹកនាំចិន និងកម្ពុជាតែងប្រតិបត្តិជានិច្ច ។ សុភាសិតចិនមួយឃ្លា បានពោលថា ៖ «បានអ្នកយល់ចិត្តគ្នាទោះពិសាស្រា ជាមួយគ្នាមួយពាន់ពែង ក៏យល់ថា តិច តែបើសម្តីមិនត្រូវគ្នាទោះជាកន្លះម៉ាត់ ក៏ច្រើនដែរ» ។ ការពិតក្នុងប្រវត្តិសាស្ត្របានបង្ហាញថា ចិននិងកម្ពុជាជាអ្នកយល់ចិត្តគ្នា យ៉ាងពិតប្រាកដ មិនថាការប្រាស្រ័យ ទាក់ទងគ្នាកាលពីជាងពីរពាន់ឆ្នាំមុន ឬចាប់ពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នានោះទេ ប្រទេសទាំងពីរមានទំនុកចិត្តខ្ពស់ចំពោះគ្នា ពួតដៃគ្នាជម្នះ ឧបសគ្គ ដើរឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍរួម ដែលបានក្លាយជាគំរូមួយ នៃកិច្ចសហប្រតិបត្តិការ មេត្រីភាពរវាងប្រទេស និងប្រទេស ។

ចំណងមិត្តភាព រវាងប្រទេសទាំងពីរចិន និងកម្ពុជា បានឆ្លងកាត់ការពិសោធន៍ នៃប្រវត្តិសាស្ត្រ ពោល គឺពេលវេលារឹតតែយូររឹតតែរឹងមាំ ។ មិនថាកង់ប្រវត្តិសាស្ត្ររំកិលទៅមុខប៉ុន្មានជុំទៀត មិនថា ប្រឈមនឹងបញ្ហាបែបណា មិនថា មានបុគ្គលពុតត្បុតមកញុះញង់ បំបែកបំបាក់យ៉ាងណាក្តី ក៏មិនអាចធ្វើឱ្យរង្គោះរង្គើ ទំនាក់ទំនងដ៏ស្អិតល្មួតបេះ មិនចេញរវាងចិន និងកម្ពុជាដែរ ដូចការលើកឡើង របស់អ្នកនាំពាក្យ នៃក្រសួងការបរទេសចិន ដែលបានថ្លែងក្នុងសន្និសីទកាសែតថា ៖ »ចំណងមិត្តភាពរវាងចិន និងកម្ពុជា រឹងជាងដែក មាំជាងដែកថែប!» ។

សរុបសេចក្តីមក យើងអាច ជឿជាក់យ៉ាង មុតមាំថា ចំណងភាតរភាពរវាងចិននិងកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការឈានទៅរកការរួមគ្នា កសាងសហគមន៍ រួមវាសនា ចិន-កម្ពុជា ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top