ព័ត៌មានជាតិ

កុំឃើញតែរូបភាពខាងក្រៅ មើលស្រាល ថាគ្រាប់ចាស់ៗនោះ

" "

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានពញ្ញាក់ស្មារតីប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួន ពីហានិភ័យនៃគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម ជាពិសេសប្រភេទគ្រាប់បែកដែលត្រូវ បានទម្លាក់ពីយន្តហោះចម្បាំងរបស់ សហរដ្ឋអាមេរិក ក្នុងកំឡុងសង្គ្រាមវៀតណាម។

តាមរយៈគេហទំព័រហ្វេស ប៊ុក លោក ហេង រតនា បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបាត់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រុមជំនាញគ្រាប់ យុទ្ធភណ្ឌសំណល់សង្គ្រាម បានបោសសំអាតគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទM117 ដែលមានទម្ងន់ជាង ៣៤០គីឡូក្រាម ប្រកបដោយសុវត្ថិភាព។

" "

លោកបញ្ជាក់ថា «កុំឃើញតែរូបភាពខាងក្រៅមើលស្រាល ថាគ្រាប់ចាស់ ៗនោះ សុំមើលគូជគេផង ដែលមានក្បាលបង្កផ្ទុះនោះ នៅរក្សារូបរាង និងប្រសិទ្ធភាពផ្ទុះល្អគួរសម! សូមប្រុងប្រយត្ន័សុវត្ថិភាពខ្ពស់បំផុត បើសិនជាជីកដីប៉ះគ្រាប់នេះ ហើយផ្ទុះវិញនោះ គឺបង្កគ្រោះថ្នាក់ គ្មានសល់អ្វីទេ ដោយរួមទាំងអ្នកបើកបរ និងគ្រឿងចក្រអេស្កាផងដែរ!» ។

" "

សូមញ្ជាក់ថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោន ក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់ នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាស របស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគ រហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕

To Top