ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ ស្រ៊ី ហាជី អាហ្វេនឌី ប៊ីន ប៊ូអាង អគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ បានអះអាងពីការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយគ្នាឡើងវិញ បន្ទាប់ពីការអាក់ខានដោយសារកូវីដ- ១៩។
យោងតាម នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានាឱកាសនោះ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានគូសបញ្ជាក់អំពីការចូលរួម របស់កងទ័ពជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អគ្គមេបញ្ជាការកងទ័ព កម្ពុជានិងម៉ាឡេស៊ី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកងទ័ព ប្រទេសទាំងពីរ នាពេលកន្លងមក និងបានអះអាងពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈ ដោយសារជំងឺកូវីដ-១៩។
ក្នុងនាមកងយោធពលខេមរភូមិន្ទ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ព អាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្សពិ សេន បានអញ្ជើញ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះ ដោយផ្ទាល់ នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕