ព័ត៌មានជាតិ

ធនាគារជាតិ បញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ប្រកាសបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

យោងតាម សេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្តីពី ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ បានឱ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរជាទី មោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព។

ក្នុងគោលបំណង ពង្រឹងបន្ថែមទៀត នូវសមត្ថភាព របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់ អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ធនាគារជាតិនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្ត ចំពោះការច្របាច់បញ្ចូលគ្នារវាង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមានស្រាប់ ដើម្បីលើកកម្ពស់ ការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះ សាធារណជនដែលមានជំនឿទុកចិត្តលើ ប្រព័ន្ធធនាគារ និងវិនិយោគិនថ្មីៗ ដែលមានការចាប់អារម្មណ៍ លើការវិនិយោគក្នុងវិស័យធនាគារ៕

To Top