ព័ត៌មានជាតិ

ការចែកចាយ ឧបករណ៍តេស្តរហ័ស នឹង ត្រូវ ផ្ទេរ ទៅប្រៃសណីយ៍កម្ពុជា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងផ្ទេរការចែកចាយឧបករណ៍ តេស្តរហ័ស ទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្ដល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី ការផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងកំពុងចែកចាយ ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និង Wondfo ផលិតនៅ ប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។

ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍ តេស្តរហ័សទាំងពីរ ប្រភេទនេះទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្ដល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន។ សម្រាប់សាធារណជន ដែលបានបញ្ជាទិញនិងទូទាត់រួចមុន កាលបរិច្ឆេទខាងលើ សូមមកទទួលឧបករណ៍តេស្តរហ័ស នៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍។

ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័សតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលធ្លាប់ ប្រើប្រាស់ពីមុនមក មានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមាន អាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ទូរសព្ទលេខ ០៩៦ ៦៥៩ ២៧៣៣/ ០១៥ ២៧៩ ៩២៧ ជារៀងរាល់ម៉ោងធ្វើការ ឬតាមដានទំព័រហ្វេសបុករបស់ ប្រៃសណីយ៍កម្ពុជា៕

To Top