ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម លើកទឹកចិត្តប្រតិបត្តិករ សេដ្ឋកិច្ចបរទេស ជ្រើសរើសកម្ពុជា ជាទីតាំងពង្រីក សហប្រតិបត្តិការថ្មី

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តប្រតិបត្តិករ សេដ្ឋកិច្ច និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង (OIF) ពិនិត្យលទ្ធភាពជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីក សហប្រតិបត្តិការថ្មី ។

ក្នុងពិធីបើកកម្មវិធីជំនួប សេដ្ឋកិច្ចហ្វ្រង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំ ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងOIF នាថ្ងៃទី៧ ធ្នូ លោក ប៉ាន សូរស័ក្ត បានគាំទ្រដល់ បេសកកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលត្រូវបានផ្តួចផ្តើមដោយអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេស ប្រើប្រាស់ភាសាបារាំង និងប្រទេសក្នុងតំបន់។

លោកបានបញ្ជាក់ ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេស ជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះ នឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការ លើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩ ។

លោក បានបញ្ជាក់ទៀតថា «លើកទឹកចិត្តដល់ប្រតិបត្តិករ សេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្ម ដែលកម្ពុជាមាន និង កាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មី ក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃ ដែលកំពុងមានឧត្តមភាពរីកចម្រើន»។

គួរបញ្ជាក់ផងដែរថា ប្រទេស ជាសមាជិក និងប្រទេសអង្កេតការ ទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,6 ប៊ីលានដុល្លាអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៩ ៕

To Top