ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ បុរសម្នាក់ ជាប់ពាក់ព័ន្ធឹងការ ជួញដូរគ្រឿង នៅរាជធានីភ្នំពេញ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធធានាគារ កំណត់ ៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿង ប្រព្រឹត្តនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ រឿន ធារ៉ា អាយុ ៣៥ ឆ្នាំ មុខរបរ អ្នករត់ម៉ូតូ ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៣០ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ពី ៧ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២០លានរៀល ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។

តែ ជនជាប់ចោទ ឈ្មោះ រឿន ធារ៉ា បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុងសង្កាត់ត្រពាំងក្រសាំង
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ចំនួន ៤ កព្ចាប់ មានទម្ងន់សរុប ៨១,៧០ ក្រាម ។

នាពេលសវនាការ, ជនជាប់ចោទបានឆ្លើយសារភាពថា គាត់ពិតជាបានប្រព្រឹត្តដូចការចោទប្រការមែន ។

ជនជាប់ចោទបាន សំណូមពរ ដល់សាលាឧទ្ធរណ៍ មេត្តាជួយ បន្ធូរបន្ថយទោស ដល់រូបគាត់ផង ដើម្បីឆាប់បាន វិលត្រឡប់ជួបជុំគ្រូសារវិញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ២៤ ខែ ធ្នូ ឆ្នាំ ២០២១៕

ដោយ រស្មី អាកាស

To Top