ព័ត៌មានជាតិ

សម្ដេចតេជោ មានបំណងពង្រឹងសមត្ថភាព អ្នកមានស្រុកខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានបំណងពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរ ព្រោះថា អ្នកមាននៅក្រៅប្រទេស ដែលមកវិនិយោគកម្ពុជា បើមានបញ្ហាអ្វីមួយនោះ ពួកគេរត់ទៅបាត់ហើយ។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ភាគច្រើន ក្រុមហ៊ុនស្រុកខ្មែរ បានទិញភាគហ៊ុន។ ប៉ុន្ដែធនាគារ មកពីក្រៅប្រទេសមួយចំនួន មិនទាន់មកទិញឡើយ ដោយសារពួកគេអនុម័តបំពេញបែរបទការងារច្រើន។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ និយាយហើយ និយាយទៀត ខ្ញុំចង់ពង្រឹងសមត្ថភាព អ្នកមានស្រុកខ្មែរ។ ព្រោះអ្នកមានប្រទេសក្រៅ នៅពេលមានការអី គេមិនដែលនៅជាមួយយើងទេ គេរត់ទៅបាតហើយ គឺមានតែ អ្នកមានស្រុកខ្មែរ ដែលរស់នៅជាមួយស្រុកខ្មែរ។ ចឹង ខ្ញុំចង់ពង្រឹងសមត្ថភាព កូនខ្មែររបស់យើង ដើម្បីចាក់ឬ ចាក់គល់ នៅក្នុងប្រទេសខ្លួន»៕

To Top