ភ្នំពេញ ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឆ្លៀតឱកាសក្នុងថ្ងៃទិវាសិទ្ធិមនុស្ស អន្តរជាតិ ១០ធ្នូ ឆ្នាំ២០២១នេះដែលលោក និងសហជីពផ្សេងទៀតបានថ្លែងសារនានា នៅមុខក្រសួងការងារ បានស្នើប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ឲ្យជួយដោះស្រាយសំណើ៧ ចំណុចដែលចំណុចសំខាន់ជាងគេ គឺបញ្ចូលថ្ងៃឈប់ សម្រាក់១០ធ្នូ និង២៣តុលា ឲ្យបានឈប់សម្រាកដូចដើមវិញ ។ នេះបើយោងតាមការ ចេញផ្សាយរបស់ CLC Cambodia ។
សំណើរួមចំនួន៧ចំណុចនោះមានដូចជា ៖
១. ស្នើក្រសួងបន្តផ្ដល់ ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត៤០ដុល្លារ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ព្រមទាំងពង្រីកដល់វិស័យផ្សេងៗផងដែរ ។
២. ស្នើក្រសួងបន្តពង្រឹង និងពង្រីករបបសន្តិសុខ សង្គមដល់កម្មករនិយោជិត ដែលងាយរងគ្រោះ ផ្សេងទៀត ជាពិសេស វិស័យកសិកម្ម សំណង់ និងសិប្បកម្មកែច្នៃ រួមទាំងអនុវត្តរបបសោធន និវត្តឲ្យបានឆាប់បំផុត ។
៣. ស្នើក្រសួងចុះអធិការកិច្ច នៅតាមបណ្ដាក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសទាំងឡាយណា ដែលបាន បញ្ឈប់កម្មករនិយោជិត និងមិនបានផ្ដល់អត្ថប្រយោជន៍ តាមច្បាប់ ជាពិសេសបញ្ឈប់តំណាង សហជីពដែលត្រូវបានការពារ ដោយបញ្ញត្តិច្បាប់។
៤. ស្នើក្រសួង និងរាជរដ្ឋាភិបាល បញ្ចូលមកវិញ នូវថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលមានប្រាក់ឈ្នួល ជាពិសេស ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ(១០ធ្នូ) និងទិវារំលឹកខួប នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១ ) ។
៥. ស្នើក្រសួង ជួយពន្លឿនការដោះស្រាយវិវាទការងារ របស់សហជីព ដែលនៅជាប់គាំងទាំងក្នុង និង ក្រៅប្រព័ន្ធតុលាការ។
៦. ស្នើក្រសួង និងរាជរដ្ឋាភិបាល រៀបចំឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យសំណង់ ទេសចរណ៍ និងសេវាកម្ម ដឹកជញ្ជូន និងវិស័យសំខាន់ៗមួយចំនួនទៀត។
៧. ស្នើក្រសួង និងរាជរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង និងទំនិញសំខាន់ផ្សេងៗ ដើម្បីធានាជីវភាព រស់នៅ របស់កម្មករនិយោជិត និងប្រជាពលរដ្ឋ។
គិតមកដល់ឆ្នាំ២០២១នេះ គឺ ជាខួប២ឆ្នាំហើយដែលរាជរដ្ឋាភិបាល បានសម្រេចលុបចោលថ្ងៃឈប់ សម្រាកចេញពីប្រតិទិន សម្រាប់បុណ្យជាតិ សំខាន់ៗ ចាប់ពីឆ្នាំ២០២០មក។ កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចលុបចោលថ្ងៃ ឈប់សម្រាក រួមមាន ៖ បុណ្យមាឃបូជា , ទិវាជាតិ នៃការចងចាំថ្ងៃទី២០ ឧសភា , ទិវាកុមារអន្តរជាតិ១មិថុនា , កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ២៣ តុលា និងថ្ងៃទី១០ ធ្នូ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ។
ប៉ុន្តែទោះបីជាមានការលុបថ្ងៃឈប់ សម្រាក១០ធ្នូនេះ ក៏ដោយក៏រាជរដ្ឋាភិបាល មិនបានហាមឃាត់ ការប្រារព្ធរបស់បុគ្គល ឬស្ថាប័នណាមួយឡើយ ៕