ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ន ក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងចំណោមប្រធានបទ ដែលរំពឹងថានឹងត្រូវលើកមកពិភាក្សា នៅក្នុងកិច្ចប្រជុំនេះ រួមមាន វ៉ាក់សាំង និងសន្តិសុខផ្នែកសុខភាពពិភពលោក កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និងហេដ្ឋារចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ រួមទាំងនៅតំបន់អាស៊ានផងដែរ។

ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ លោក ប្រាក់ សុខុន នឹងអញ្ជើញធ្វើ អន្តរាគមន៍លើប្រធានបទទាំងនេះ និងលើអាទិភាពរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រឹងប្រែងកសាង សហគមន៍អាស៊ាន៕

To Top