បុរសពីរនាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូកង់បី និង ទទួលទិញម៉ូតូកង់បីចោរ ដោយខុសច្បាប់។
ជនសង្ស័យទី១ ឈ្មោះ អ៊ុន ជាវៃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរប មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់) បានធ្វើសកម្មភាពលួចម៉ូតូកង់បី ចំនួនពីរលើកគឺ៖
លើកទី១ បានធ្វើសកម្មភាព លួចយកម៉ូតូកង់បី (Pass App) ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1HG-0678 នៅចំណុច មុខផ្ទះល្វែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លើកទី២ បានធ្វើសកម្មភាពលួចយកម៉ូតូកង់បី (pass app) ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1IC-0772 នៅចំណុចមុខផ្ទះល្វែងមួយកន្លែង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង០៤:០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ហើយក៏ ត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូល ចុះឃាត់ខ្លួននៅម៉ោង០១និង៣០នាទី យប់ថ្ងៃទី០៥ ឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ និងដកហូតបានកង់បី ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1IC-0772 ប្រគល់ជូនម្ចាស់ដើមវិញ។
ជនសង្ស័យទី២ ឈ្មោះ ស៊ិន ម៉េងហុង ភេទ ប្រុស អាយុ ៣៤ មុខរបរ មិនពិតប្រាកដ នៅចំណុចបន្ទប់ស្នាក់នៅ ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាព ទទួលទិញម៉ូតូកង់បីមួយគ្រឿង ស្លាកលេខ ភ្នំពេញ 1HG-0678 ដែលឈ្មោះ អ៊ុន ជាវៃ បានលួចយកទៅ ត្រូវបាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លូននៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយដកហូតវត្ថុតាង ម៉ូតូកង់បី (Pass App) ០១គ្រឿងផងដែរ (ជនសង្ស័យនេះក៏ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ដូចគ្នា)។
ក្រោយពេល ដកហូតម៉ូតូកង់បីក្រោយនេះបានហើយ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ ស្វែងរកម្ចាស់ដើម រហូតទាល់តែឃើញ និងបានប្រគល់ម៉ូតូកង់បីជូនម្ចាស់ដើមវិញ បើទោះបីជាម្ចាស់កង់បីនេះ មិនបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចអាវុធហត្ថក៏ដោយ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានអំពាវដល់មហាជនទូទៅ នៅពេលមានការបាត់បង់ទ្រព្យសម្បត្តិ ឬមានបញ្ហារងគ្រោះ ក្នុងបទល្មើសណាក៏ដោយ សូមមេត្តាដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចដែលនៅជិតអ្នកបំផុតឲ្យបានដឹង ដើម្បីជាទុនដល់សមត្ថកិច្ចបើកការស្រាវជ្រាវ ព្រោះបើគ្មានបណ្តឹងសមត្ថកិច្ចនឹងមិនអាចទ្រង់ញាណដឹងថាមានបទល្មើសកើតឡើងនៅពេលណាឬកន្លែងណាបានឡើយ៕