ព័ត៌មានជាតិ

បង្ក្រាបទីតាំង ផលិតគ្រឿងញៀន ដ៏ធំមួយ នៅខេត្តកំពង់ស្ពឺ ចាប់ចិនតៃវ៉ាន់៣នាក់ និង រឹបអូសបានថ្នាំញៀនជាង ១៤០០គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានបើកយុទ្ធនាការ បង្ក្រាបករណី ដឹកជញ្ជូន ផលិត និង កែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង បានឃាត់ខ្លួនជនសង្ស័យ ជនជាតិតៃវ៉ាន់ ចំនួន៣នាក់ និង រឹបអូសបាន ថ្នាំញៀនចំនួន ជាង១៤០០គីឡូក្រាម ព្រមទាំងវត្ថុតាង មួយចំនួនធំផ្សេងទៀត ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំង បទល្មើស គ្រឿងញៀន ក៏ បានផ្ទុះអាវុធដាក់គ្នាទៅវិញ ទៅមកជាមួយឈ្មួញគ្រឿងញៀន ចិនតៃវ៉ាន់ នៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ដ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និង បានបណ្តាល ឱ្យឧក្រិដ្ឋជនម្នាក់ ដែលគេសង្ស័យថា ជាជន មេខ្លោងគ្រឿងញៀន ត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ស្លាប់នៅនឹងកន្លែង ផងដែរ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន បានខាងលើនេះ មានឈ្មោះ ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (ត្រូវគ្រាប់ស្លាប់), ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹក គ្រឿងញៀន) , និង ឈ្មោះ LY POHAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកែច្នៃ គ្រឿងញៀន)។

សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា បន្ទាប់ពីប្រតិបត្តិការ បង្ក្រាបខាងលើ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន រឹបអូសបាន ម្សៅដែលសង្ស័យ ជាថ្នាំញៀន ប្រភេទ កេតាមីន(KE-TAMIN) ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង មាន២០ កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម, អាវុធខ្លីម៉ាក់ K៥៤ ចំនួន ១ដើម, រថយន្ត ចំនួន ២គ្រឿង, ព្រមទាំងសារធាតុគីមី និង ឧបករណ៍កែច្នៃគ្រឿងញៀន មួយចំនួនធំ ផ្សេងទៀត នៅក្នុងក្រុមហ៊ុន ហ្វាមអេស៊ាង.ក (រោងចក្រផលិតដំណាប់ស្វាយ់) ដែលមានទីតាំងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

ដោយ រស្មី អាកាស

To Top