ភ្នំពេញ ៖ នាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ ក្រសួងទេសចរណ៍ បានណែនាំមន្ទីរ ទេសចរណ៍រាជធានី-ខេត្ត ឲ្យផ្អាកសកម្មភាពណា ដែលមានមនុស្សកកកុញ លើសពីសមត្ថភាពផ្ទុក។
យោងតាមសារាចរណ៍ ណែនាំរបស់ ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេចរណ៍ បានថ្លែងថា មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវជំរុញការ អនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការ ទាំងឡាយ ដែលបានដាក់ចេញ ដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកវីដ-១៩ ពិសេសវិធានការ ៣ការពារ និង៣កុំ ។
លោកបន្ដថា ត្រូវពង្រឹងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដា ប្រតិបត្តិអប្បបរមា (SOP) តាមគន្លង ប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យ អនុវត្តដោយក្រសួង ទេសចរណ៍ ទៅលើអាជីវកម្មទេសចរណ៍នានា ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
លោកបន្ថែមថា ត្រូវជំរុញឲ្យរមណីយដ្ឋាន និងគោលដៅ ទេសចរណ៍ទាំងអស់ ណែនាំឲ្យភ្ញៀវទេសចរធ្វើការស្កេន QR Code ឬធ្វើការកត់ត្រា ព័ត៌មានភ្ញៀវទេសចរ ដែលចូលកម្សាន្ត និងប្រើប្រាស់សេវា នៅក្នុងកន្លែងរបស់ខ្លួន ជាពិសេសអាសយដ្ឋាន និងលេខទំនាក់ទំនង។ ព្រមជាមួយគ្នានេះ ត្រូវរៀបចំឲ្យមានការ ត្រួតពិនិត្យកំដៅ ការបាញ់អាល់កុល សម្លាប់មេរោគ និងសម្រាប់លាងដៃ ឲ្យបានគ្រប់គ្រាន់ និងគ្រប់ទីកន្លែងដែលចាំបាច់ ហើយភ្ញៀវទេសចរត្រូវតម្រូវ ឲ្យពាក់ម៉ាស់ជាប្រចាំ ។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ត្រូវពង្រឹងការគ្រប់គ្រង ឲ្យបានល្អប្រសើរនៅ តាមរមណីយដ្ឋាន និងគោលដៅ ទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity ) អតិបរមា ដែលអាចទទួលភ្ញៀវ បានក្នុងពេល តែមួយអនុលោមតាមស្តង់ដា គម្ពោតសុវត្ថិភាព និងមិនត្រូវ ទទួលភ្ញៀវ លើសពី ចំណុះ នេះ ជាដាច់ខាត ។ ក្នុងករណីមានការកកកុញ លើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ ត្រូវរាយការណ៍មក ក្រសួង ទេសចរណ៍ និងរដ្ឋបាល រាជធានី-ខេត្ត ជាបន្ទាន់ ដើម្បីមានវិធានការផ្អាក សកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះ ជាបណ្តោះអាសន្នសិន»៕