ព័ត៌មានជាតិ

រឿងកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ឆ្លុះបញ្ចាំងពីជីវិតពិតរបស់ សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី មិនអាចចប់ត្រឹមតែ ៤៤ភាគនោះទេ អាចផលិតជាភាពយន្តឯកសារមានរយៈពេលវែង ព្រោះឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ ឲ្យរួចផុតពីរបបយង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុលពត។

ក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះក្រុមការងារគ្រប់ផ្នែកទាំងអស់ ខិតខំសំរិទ្ធសំរាំងចងក្រង កែលម្អខ្លឹមសារសាច់រឿង ដែលផ្តើមចេញពីល្ខោននិយាយមកកាន់ការផលិតភាពយន្តរឿងភាគ ការខិតខំរកតួសម្តែង ការសិក្សាស្រាវជ្រាវរកនូវសម្ភារៈយុទ្ធោបរណ៍ ទីតាំងភូមិសាស្រ្តប្រវត្តិសាស្រ្ត ដើម្បីឈានទៅថតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាពេលដ៏ខ្លីខាងមុខ។

សម្តេចតេជោ បន្ដថា កន្លងមកមានថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកុន ហូលីវូដ បានមកស្នើសុំ សម្តេច ដើម្បផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះម្តងរួចមកហើយ តែ សម្តេច មិនអនុញ្ញាតឲ្យផលិតនោះទេ ដោយសាតែវាអាចប៉ះពាល់ដល់ប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជា ពិសេសទាក់ទិនទៅនិងខ្សែជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់តែម្តង។

សម្ដេចតេជោ មានប្រសាសន៍ថា «រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះមិនអាចចប់ត្រឹមតែ៤៤ភាគនោះទេ វាអាចមានរយៈពេលវែងជានេះ ឬមួយយើងអាចផលិតជាភាពយន្តឯកសារដែលមានរយៈពេលវែង ក៏អាចថាបាន ព្រោះដំណើរជីវិតបានឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត ការយកជីវិតធ្វើជាដើមទន់ និងការឆ្លងកាត់ការធ្វើពលីជីវិតឆ្លងដែន ជាច្រើនរ៉ាប់មិនអស់ទៀតផង»។

សម្ដេចតេជោ ស្នើដល់អ្នកដឹកនាំរឿង និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត ព្រោះសាច់រឿងទាំងមូលវាផ្តោត ទៅលើប្រវត្តិសាស្រ្តពិតៗរបស់ប្រទេស និងប្រជាជនកម្ពុជា ពោលគឺសាច់រឿងទាំងមូលវាកើតឡើង យ៉ាងពិតប្រាកដ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយវានឹងអាចបន្តរហូតដល់ពេលដែល សម្តេចត្រូវចាកចេញពីឆាកនយោបាយនាពេលខាងមុខ។

តាមរបាយការណ៍របស់ លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា អនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។

លោក បន្ដថា ចំពោះឧបករណ៍បច្ចេកទេសថត ដោយមានការគាំទ្រពី លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយន្ត ត្រូវបាន បញ្ជាទិញរួចរាល់ក្រោមការដឹកនាំរបស់ លោក វ៉ាន់ ឆាល៍ជួន ក្នុងនោះក្រុមការងារបច្ចេកទេសថត បានធ្វើការហ្វឹកហាត់ ការប្រើប្រាស់សម្ភារៈបច្ចេកទេសទាំងនោះរួចរាល់ ព្រមទាំងធ្វើការថតសាកល្បងបានយ៉ាងស្ទាត់ជំនាញ។

លោក បន្ថែមថា តាមផែនការការងារផលិតរបស់ គណៈកម្មការ ការផលិតមាន៤៤ភាគ ប្រើពេលរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធ ចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល៕

To Top