ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១នេះ កម្ពុជា បាននាំចញអង្ករសរុបចំនួន៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ។
យោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត បានឱ្យដឹងថា ការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន ៧២ ០១០តោន កើនឡើងចំនួន ៧ ២៧០តោន (១១,២៣%) បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានចំនួន ៦៤ ៧៤០តោន។
ប្រភពដដែលបន្តថា បញ្ជាក់ថា « បរិមាណអង្ករនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២១ មានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន»។
ក្នុងនោះ បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១៣៤៤៣៨តោន (ថយចុះចំនួន ៥៣៩៩៨តោន ស្មើនឹង-២៨,៦៦%) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ២៦៥ ២៤៤តោន (កើនឡើងចំនួន ៣០៣០៤តោន ស្មើនឹង១២,៩០%) ទិសដៅអាស៊ាន ចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៥៤ ៣៥០តោន (ថយចុះចំនួន ២៣៨៥៨តោន ស្មើនឹង-៣០,៥១%) និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មានបរិមាណសរុប ៧៨ ១៤៧តោន (ថយចុះចំនួន ២១ ៣១៤តោន ស្មើនឹង -២១,៤៣%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់ ៣៩៣ ១៣១តោន ស្មើនឹង៧៣,៨៨% និងក្រុមហ៊ុន៥១ដទៃទៀត បាននាំចេញត្រឹមតែ ១៣៩ ០៤៨តោន ស្មើនឹង២៦,១២%៕