ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ មានកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ។
ក្នុងកិច្ចប្រជុំខាងលើ លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. និងក្នុងនាមជាប្រធាន ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា៖អនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធាន ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកា និងកំណើនសេដ្ឋកិច្ច របស់ស្ថាប័ន ប.ស.ស. សម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនឈានឡើង និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលវែងតទៅមុខទៀត។
លោកអគ្គនាយករង បានបញ្ជាក់ទៀតថា៖ សេចក្តីព្រាងអនុក្រឹត្យ ខាងលើនេះមាន ៩ជំពូក ៤ផ្នែក និង៣៦មាត្រា នឹងក្លាយជាឧបករណ៍ គតិយុត្តគោលមួយចូលរួមចំណែក ដល់ការពង្រឹង លើកម្ពស់អោយកាន់ តែមានប្រសិទ្ធភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរបស់ ប.ស.ស.
ជាមួយគ្នានេះ លោក អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះ អនុក្រឹត្យ ខាងលើនេះ និងបានស្នើដល់ ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ នៃ ប.ស.ស. ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងកំណត់វិធាន និងនីតិវិធី នៃការគ្រប់គ្រងថវិកាហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បតិ្ដរបស់ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ លោក អេត បូរ៉ាត់ អគ្គនាយករងប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម និងលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម ព្រមទាំងមានការចូលរួម ពីលោក លោកស្រីជាសមាជិក សរុបប្រមាណជាង ១០រូប៕