ព័ត៌មានជាតិ

ខែវិច្ឆិកា ក្រុមការងារតាមដាន គេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង ដោះស្រាយបញ្ហាជូនពលរដ្ឋ បាន៥៥គណនី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច បានឆ្លើយតប និងដោះស្រាយ ចំនួន៥៥គណនី។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ធ្នូ សម្ដេច ស ខេង បញ្ជាក់ថា ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពី ការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃចំនួន ៦៥គណនី។

សម្ដេចមានប្រសាសន៍ថា «ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតប ទៅម្ចាស់គណនី និងដោះស្រាយចំនួន ៥៥គណនី។ ក្រៅពីនេះករណីផ្សេងទៀត ក្នុងខែវិច្ឆិកា និងសេសសល់ពីខែមុនៗ ក៏កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ»។

សម្ដេចបន្ដថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារ កិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រ ហ្វេសប៊ុករបស់ខ្ញុំ នៅពេលប្រឈមមុខនឹង បញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។

សម្ដេច បញ្ជាក់ទៀតថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានា មកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយ នូវបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលអាចនឹងជួយសម្រួលដល់ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។

លើសពីនេះទៀត សម្ដេច ស ខេង ក៏សុំការយល់យោគ អធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់ បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី ៕

To Top