ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ កាត់ទោសលោក សម រង្ស៊ី , គូកន និងអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ៤២ នាក់ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ និង ប៉ុនប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ ប្រព្រឹត្ត ចន្លោះពីឆ្នាំ២០១៨ និង២០១៩ ។
សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា ជាចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ព្រមទាំងគូកន ចំនួន៤២នាក់ ទៀត រួមទាំងកញ្ញា សេង ធារីផងដែរ។
ពួកគេត្រូវបានជាប់ចោទពីបទ « រួមគំនិតក្បត់ » និង « ញុះញង់ បង្ក ឲ្យ មាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម » ។
នាពេលសវនាការ, ចៅក្រមប្រឹក្សាជំនុំ បានបញ្ចប់ការសួរដេញដោល ទៅលើជនចោទម្នាក់ ឈ្មោះ ឡេង សេងហុង ភេទ ប្រុស អតីតជាបុគ្គលិកគណនេយ្យនៅសហព័ន្ធសហជីពកម្ពុជា និង មានទំនៅតែ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បន្ទាប់ការដេញដោលសាកសួរ ជនជាប់ចោទ ដែលមានវត្តមាននៅក្នុងអង្គសវនាការ អស់រយៈពេលមួយព្រឹកមក,លោកប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ ក៏បានលើកពេលសវនាការនេះ ទៅធ្វើបន្ត នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះទៀត។
គួររំលឹកថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោស កំបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ។
ចំណែកឯ គូកនផ្សេងទៀតរួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារម្នាក់ៗ កំណត់ ២០ឆ្នាំផងដែរ៕
ដោយ រស្មី អាកាស