ព័ត៌មានជាតិ

គ្រឿងញៀនជាង២តោន និងធាតុផ្សំប្រមាណ៨៤ តោន ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ករណីបង្ក្រាបគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានរកឃើញ គ្រឿងញៀន កើនឡើងដល់ជាង ២តោន រួមទាំងធាតុផ្សំប្រមាណ ៨៤តោន និងឃាត់ខ្លួនជនសង្ស័យជាង ១០នាក់ ស្លាប់ម្នាក់ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ បានឲ្យដឹងថា គ្រឿងញៀនទាំងនោះ គ្រោងនាំទៅប្រទេស ចិន អូស្ដ្រាលី ជាដេីម ប៉ុន្ដែត្រូវសមត្ថកិច្ច បង្ក្រាបទាន់ពេលវេលា។

លោក មានប្រសាសន៍ថា «ដើម្បីឈានទៅដល់ការបង្ក្រាប បទល្មើសគ្រឿងញៀនដ៏ធំ មិនធ្លាប់មានមួយនេះ ក៏មានការផ្ដល់ព័ត៌មានពីអាជ្ញាធរចិន ហើយកម្លាំងបានប្រើប្រាស់ពេលវេលាជិត ៣ខែ ទើបបង្ក្រាបបាន ក្នុងប្រតិបត្តិការត្រឹមប្រមាណ ១២ម៉ោង»។

លោក បានបន្ថែមថា ករណីនេះ ជាជំហានដំបូងបង្ក្រាបគ្រឿងញៀនបានចំនួន ១ ៤៨៤គីឡូក្រាម និងរកឃើញជាបន្តបន្ទាប់ជាង ៧៥០គីឡូក្រាមទៀត ដែលធ្វើឲ្យគ្រឿងញៀនកើនដល់ជាង ២តោន ហើយឃាត់បានជនសង្ស័យចំនួនជាង ១០នាក់ ក្នុងនោះមាន៤នាក់ ពាក់ព័ន្ធនឹងករណីនេះ ដែលជាជនជាតិចិនដីគោក និងចិនតៃវ៉ាន់ ។

លោក បានបន្តថា បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងឃាត់ខ្លួន នៅក្នុងមន្ទីរគ្រឿងញៀន ត្រៀមបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ហើយករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត ហើយវត្ថុតាងគ្រឿងញៀនទាំងអស់នេះ អាចនឹងធ្វើការដុត កម្ទេចចោល ដាច់ដោយឡែកពីគេ ដោយសារមានចំនួនច្រើន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះ មន្ទីរប្រឆាំងគ្រឿងញៀន នៃ អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន ទ្រង់ទ្រាយធំ នៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខាងក្រោយរោងចក្រផលិត ដំណាប់ស្វាយមួយកន្លែង ដោយរឹបអូសគ្រឿងញៀន ជាង ១តោន រួមទាំងបានបង្ក្រាបជនសង្ស័យចំនួន ២នាក់ ដោយមានការបាញ់ រះមកលើសមត្ថកិច្ច កម្លាំងក៏បាញ់តបតវិញ ធ្វើឲ្យជនសង្ស័យម្នាក់បានស្លាប់ នៅនឹងកន្លែង ៕

To Top