ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញឲ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាតមិនឲ្យមានឡានចង្កូតស្ដាំចរាចរលើផ្លូវ

ភ្នំពេញ៖ ដោយថ្ងៃកំណត់ នៃការអនុគ្រោះពន្ធ១០% សល់ត្រឹមតែ១៥ថ្ងៃទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាតមិនឲ្យមានឡានចង្កូតស្ដាំចរាចរនៅលើដងផ្លូវនានា។

ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ«HYATT REGENCY PHNOM PENH» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ បានអំពាវនាវចំពោះម្ចាស់រថយន្ដ ដែលមិនទាន់បានបង់ពន្ធអញ្ជើញមកបង់ពន្ធឲ្យបានរួសរាន់ ដើម្បីទទួលបាននូវការអនុគ្រោះ ១០% ។

សម្ដេចសង្កត់ថា «មិនឲ្យមានព្រឹត្តិការណ៍ច្រំដែល កើតឡើងតទៅទៀតនោះទេ លើរថយន្ដមិនបង់ពន្ធជ្រកក្រោមផ្លាកលេខនេះ ឬផ្លាកលេខនោះ ហើយក៏មិនឲ្យមានវត្តមានរថយន្ដចង្កូតស្ដាំ ចរាចរបើកលើផ្លូវ មិនថាផ្លូវជាតិឬផ្លូវលំ ត្រូវកែវាទៅឆ្វេង»

សម្ដេចបន្ថែមថា ក្រោយថ្ងៃ៣១ ធ្នូ គឺត្រូវបង់ពន្ធពេញដោយមិនទទួលបានការអនុគ្រោះពន្ធ១០%នោះទេ ។

សម្ដេចបានឲ្យដឹងទៀតថា រឿងរថយន្ដអត់បង់ពន្ធនេះ គឺជារឿងរកស៊ីរត់ពន្ធ ដោយយកឡានមកជិះ។

សូមរំលឹកថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្មីៗនេះ បានប្រកាសពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ ។ ដោយបានធ្វើការរំលឹកដល់ម្ចាស់រថយន្តពាក់ព័ន្ធមកបង់ពន្ធ ព្រោះអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង ព្រោះឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕

To Top