ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅពេល សម្ដេច ចប់ការងារពី នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចនឹងសរសេរអំពីជីវិតពិតនៃការធ្វើនាយករដ្ឋមន្ដ្រី ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានមើល និងសិក្សា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា នាពេលកន្លងមក សម្ដេច ក៏បានសរសេរជាបទចម្រៀងមួយចំនួនផងដែរពីជីវិតសម្តេច។
សម្ដេចតេជោ មានប្រសាសន៍ថា «នៅពេលដែលខ្ញុំចប់ការងារជានាយករដ្ឋមន្ដ្រី ខ្ញុំនឹងសរសេរអំពីជីវិតជានាយករដ្ឋមន្ដ្រី តើរស់ជាតិនាយករដ្ឋមន្ដ្រី របៀបម៉េច។ ខ្ញុំបានសរសេររួចមកហើយ ជីវិតអ្នកចំការ វាសនាអ្នកស្រែ មានចម្រៀងមួយបទទៅ, ជីវិតក្មេងវត្ត គឺមានចម្រៀងមួយបទទៅ ប៉ុន្ដែជីវិតនាយករដ្ឋមន្ដ្រី មិនអាចសរសេរ ដូចចម្រៀងទេ»។
សម្ដេចតេជោបន្ដថា ព្រមជាមួយគ្នានេះដែរ សម្ដេច នឹងសរសេរពីជីវិតពិតនៃការធ្វើទាហ៊ាន រដ្ឋមន្ដ្រីការបរទេស និងជីវិតនាយករដ្ឋមន្ដ្រីជាដើម។ សម្ដេចថា មិនអាចអ្នកណាមួយមកនិពន្ធជំនួស សម្ដេច បានឡើយ ព្រោះជារឿងពិតរបស់ សម្ដេច ក្នុងការជួបការងារយ៉ាងច្រើន សម្រាប់ឲ្យប្រទេសជាតិមានការរីកចម្រើន៕